ខេត្តព្រៃវែង៖ព្រះចៅអធិការវត្ត និងអាជ្ញាធរចាប់ផ្សឹកព្រះសង្ឃមួយអង្គ បន្ទាប់ពីបានធ្វើសកម្មភាពលួងក្មេងស្រីទើបអាយុ៥ឆ្នាំយកទៅរំលោភបានសម្រេចនៅក្នុងព្រះវិហារ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧វេលាម៉ោង១៥និង៣០នាទីរសៀល នៅចំណុចវត្តជ្រោយមានជ័យ នៅក្នុងព្រះវិហារខាងត្បូងរូបព្រះពុទ្ធ ស្ថិតនៅភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនសង្ស័យជាលោកនេនម្នាក់នេះ ឈ្មោះ មឿន លីហឿន អាយុ១៣ឆ្នាំ ស្នាក់នៅវត្តជ្រោយមានជ័យ នៅភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះកំពុងលេងនៅរោងបុណ្យក្នុងវត្ត ហើយជនសង្ស័យបានឱ្យលុយចំនួន៥.០០០រៀលទៅទិញប៉េងប៉ោងយកមកផ្លុំលេង។ នៅពេលទិញប៉េងប៉ោងរួច ដោយមានបំណងចង់រួមភេទក៏ហៅក្មេងឡើងទៅក្នុងព្រះវិហារដែលជាកន្លែងស្ងាត់ រួចក៏ធ្វើសកម្មភាពយកដៃឆ្វេងរបស់ខ្លួនអង្អែលលើប្រដាប់ភេទក្មេងស្រីរងគ្រោះ ហើយភ្លាមៗនោះសង្ឃកំហូចនេះបានសើយស្បង់ជីពរ ដើម្បីចាប់ក្មេងស្រីនោះរំលោភ តែមិនបានសម្រេច ក៏យកចង្អុលដៃរុកបញ្ចូលក្នុងប្រដាប់ភេទក្មេងស្រី បណ្តាលឱ្យរហែកហូរឈាម ខណៈនោះដែលក្មេងស្រីរងគ្រោះឈឺ ក៏បានស្រែកយំ ហើយជនសង្ស័យក៏រត់គេចចេញពីកន្លែងកើតហេតុតែម្តង ។
លោកស្នងការរងបន្តថា ក្រោយពេលកើតហេតុអាជ្ញាធរ និងព្រះសង្ឃបានចាប់ផ្សឹកលោកនេនដែលជាជនសង្ស័យ។ ប៉ុន្តែដោយជនសង្ស័យនៅក្នុងវ័យអនីតិជន ទើបលោកឆ្លងយោបល់ព្រះរាជអាជ្ញាសិនមុននឹងបន្តនីតិវិធី។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានប្រាប់អ្នកសារព័ត៌មានថា ក្នុងករណីនេះជនសង្ស័យនៅក្នុងវ័យ១៣ឆ្នាំជាអនីតិជន ហេតុនេះគឺពុំអាចឃុំឃាំងបានទេ គឺគ្រាន់តែធ្វើការអប់រំ ហើយឲ្យមានសេរីភាពវិញ៕