ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀនមួយករណីដោយឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន៣ កញ្ចប់ទម្ងន់ស្មើរ៣២,៦៥ក្រាម។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៨ មេសានេះថា៖ក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៦-៤០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ លោកបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន៖ ទី១ឈ្មោះ ឈួន ជំន្នោ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពាលញ៉ែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទី២ឈ្មោះ ណូត វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិមាន់ចែ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ទម្ងន់៣២,៦៥ក្រាម។ កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១។ ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារវិចខ្ចប់ថ្នាំញៀនលក់មួយចំនួនទៀត។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕