រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិនឹងធ្វើសមាជវិសាមញ្ញជាថ្មីម្ដងទៀត ដើម្បីជ្រើសរើសអនុប្រធានឡើងវិញ បន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់តែលោក កឹម សុខា ជាប្រធានបក្សតែមិនទទួលស្គាល់អនុប្រធាន៣រូបទៀត ក្រោមហេតុផលមិនត្រូវតាមលក្ខន្តិកៈគណបក្ស។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការធ្វើសមាជវិសាមញ្ញជាថ្មីម្តងទៀត គឺនៅថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ ដើម្បីពិនិត្យលើវិសោធនកម្មលក្ខន្ដិកៈគណបក្ស និងដើម្បីជ្រើសអនុប្រធានបក្ស។ លោកបន្តថា ការរៀបចំធ្វើសមាជវិសាមញ្ញថ្មីនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានរៀបចំឲ្យមានកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៧ ខែមេសា នៅទីស្នាក់ការកណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា ក្រសួងមហាផ្ទៃបានបដិសេធមិនបានទទួលស្គាល់ លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សនោះទេ ដោយលើកហេតុផលថា ការជ្រើសរើសអនុប្រធាន៣រូបនេះ គឺខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី របស់គណបក្សសង្គ្រោះជាតិ៕