នាយករដ្ឋមន្ត្រី​អង់គ្លេស​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2017 ក+ ក-

​អង់គ្លេស​៖​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បានប្រកាសថា លោកស្រី​មាន​គំរោង​ក្នុង​ការស្នើ​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​សកល​មុន​កាលកំណត់ គឺ​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​ទិសដៅ​គឺ​ពង្រឹង​អំណាច​បក្ស​អភិរក្ស​នៅ​សភា​ដើម្បី​សម្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការចរចា​ប្រិច​ស៊ីត​ជាមួយ​សហភាព​អឺរ៉ុប​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។
​តាម​ធម្មតា​ការបោះឆ្នោត​សកល​ទូទៅ​របស់​អង់គ្លេស​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២០​ឯណោះ​ទេ ប៉ុន្តែ​ដោយសារ​អង់គ្លេស​ត្រូវ​ចរចា​ជាមួយ​អឺរ៉ុប​២​ឆ្នាំ ដើម្បី​អាច​ដើរ​ចេញពី​អឺរ៉ុប អោយដាច់​ស្រឡះ នៅ​រវាង​ឆ្នាំ​២០១៩ និង​ដោយសារតែ​ភាពមិនច្បាស់លាស់​ជាច្រើន​បានកើត​ឡើង រួមទាំង​បញ្ហា​សន្តិសុខ​ដែល​នាំ​ឲ្យ​មាន​រង្គោះរង្គើ​ដល់​រដ្ឋាភិបាល​នោះ ទើប​លោកស្រី​សម្រេច​រៀបចំ​ការបោះឆ្នោត​ជាបន្ទាន់​មួយ​មុន​កាលកំណត់ ពោលគឺ​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​សម្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស បក្សប្រឆាំង​នៅ​សភា សព្វថ្ងៃនេះ​ចង់​បង្អាក់ការងារ​របស់លោក​ស្រី ហើយដោយ​សារ​ជំហរ​បក្សប្រឆាំង សមត្ថភាព​ចរចា​ប្រិច​ស៊ីត​របស់​រដ្ឋាភិបាល​អាច​នឹង​ចុះខ្សោយ ប្រឈម​នឹង​ដៃគូ​ចរចា​ជា​សហភាព​អឺរ៉ុប​។​
សារព័ត៌មាន​ដដែល​បញ្ជាក់ថា ដើម្បី​អាច​រៀបចំ​ការបោះឆ្នោត​សភា​មុន​អាណត្តិ នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវតែមាន​សម្លេងគាំទ្រ​ពី​តំណាងរាស្ត្រ ២​ភាគ​៣​។ បក្សប្រឆាំង​និង​បក្ស​មួយចំនួន​មិន​សប្បាយ​ចិត្តនឹង ការប្រកាស​របស់លោក​ស្រី Theresa May ចង់​បោះឆ្នោត​សភា​មុន​កំណត់​នេះ​ទេ​។ ទោះ​យ៉ាងនេះ​ក្តី បក្ស​ការងារ​ដែលជា​បក្សប្រឆាំង​ធ្លាប់​ប្រាប់ថា មិន​ជំទាស់​នឹង​ការរៀបចំ​បោះឆ្នោត​មុន​អាណត្តិ​ទេ​។​
បើ​យោងតាម​ការ​ស្ទាបស្ទង់​មតិ ប្រជាប្រិយភាព​របស់​ប​ក្ស​អភិរក្ស​នាំមុខ​បក្សប្រឆាំង ហើយ​ប្រជាប្រិយភាព​របស់លោក​ស្រី Theresa May ក៏​នាំមុខ​ប្រជាប្រិយភាព​លោក​ចេ​រេ​មី ឃរ​ប៊ី​ន ជា​មេ​ដឺ​ក​នាំ​បក្សប្រឆាំង​ដែរ​។ ពលរដ្ឋ​អង់គ្លេស​៥០​ភាគរយ ពេញចិត្ត​អោយ​លោកស្រី Theresa May ធ្វើជា​នាយករដ្ឋមន្ត្រី ខណៈ​លោក​ឃរ​ប៊ី​ន មកពី​បក្សប្រឆាំង បានទទួល​ការគាំទ្រ​ត្រឹមតែ​១៤​ភាគរយ​៕

2017-02-08t113615z_769894624_lr1ed280w84xt_rtrmadp_3_britain-eu-parliament