ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋបាន រិះគន់ខ្លាំងៗទៅលើម្ចាស់ទីតាំងចំណតរថយន្តទេសចរណ៍ (ដឹកអ្នកដំណើរ)ខេត្តបាត់ដំបងថាបណ្តែតបណ្តោយអោយមានការចាក់ចោលសំរាមយ៉ាងអនាធិបតេយ្យពាសវាលពាសកាលបង្ករ ក្លិនស្អុយអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បរិស្ថាននិងសុខភាព របស់ប្រជាពលរដ្ឋ។
ពលរដ្ឋបានលើកឡើងថា សំរាមដែលត្រូវបានគេចាក់ចោលយ៉ាងអនាធិបតេយ្យពាសវាលពាសកាលបង្កអោយមានក្លិនស្អុយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បរិស្ថាននិងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅចំណតរថយន្តទេសចរណ៍(ដឹកអ្នកដំណើរ)ខេត្តបាត់ដំបងគឺស្ថិតនៅក្នុងបរិវេណផ្សារទំនើបភូពុយ នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ហើយការបោះចោលសំរាម យ៉ាងអនាធិបតេយ្យពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់នៅក្នុងចំណតរថយន្តទេសចរណ៍(ដឹកអ្នកដំណើរ)ខាងលើនេះ បានកើតឡើងរាប់ខែ រាប់ឆ្នាំ មកហើយ ដោយសារតែ ម្ចាស់ទីតាំងខាងលើមិនអើពើក្នុងការរៀបចំដាក់ធុង និងទី កន្លែងដាក់សំរាមអោយបានត្រឹមត្រូវដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បរិស្ថានពិសេសក្លិនស្អុយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរមកទិញសំបុត្រឡើងជិះរថយន្តនៅទីនោះទៀតផង។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោកឧកញ៉ា ភួ ពុយ ដែលជាម្ចាស់ផ្សារភួពុយនិងជាម្ចាស់ភាគហ៊ុន ចំណតរថយន្តទេសចរណ៍(ដឹកអ្នកដំណើរ)ខេត្តបាត់ដំបងលោកបានប្រាប់សារព័ត៌មានយើង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា រឿងចំណត រថយន្តលោក ឡាញ់ នី គាត់ជា អ្នកគ្រប់គ្រង ទូរស័ព្ទទៅគាត់ ទៅទើបដឹង។
ចំណែកលោក ឡាញ់ នី ដែលជាម្ចាស់ភាគហ៊ុន ចំណត រថយន្តទេសចរណ៍(ដឹកអ្នកដំណើរ)ខេត្តបាត់ដំបងនេះដែរខាងសារព័ត៌មាន យើងមិនអាចសុំការបកស្រាយបំភ្លឺអ្វីបានទេនៅពេលនេះដោយសារពេលលោកលើកទូរស័ព្ទដឹងថាជាអ្នកព័ត៌មានលោកធ្វើជាស្តាប់មិនបាន និងឈប់លើកទូរស័ព្ទ៕