ភ្នំពេញ៖ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ មានកិច្ចប្រជុំត្រួតពិនិត្យសន្ដិសុខ សណ្ដាប់ធ្នាប់ និងចរាចរនៅតំបន់ជុំវិញកោះពេជ្រ និងមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌ និងគណៈគ្រប់គ្រងកោះពេជ្រ។ តាមរយៈកិច្ចប្រជុំនោះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចពង្រីកផ្លូវសុធារស បន្ថែម៣ម៉ែត្រ និងកំណត់ផ្លូវមួយចំនួនជាផ្លូវឯកទិស។
លទ្ធផលនៃកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថា៖
១.កត្តាសណ្ដាប់ធ្នាប់ និងចរាចរណ៏៖
ក.តំបន់ជុំវិញកោះពេជ្រ៖
– ពង្រីកផ្លូវសុធារសបន្ថែមទំហំ៣ម៉ែត្រ ជាមួយប្រព័ន្ធលូ ហើយដាក់ផ្លូវនេះ ជាផ្លូវឯកទិសពីមហាវិថីព្រះនរោត្តម មកដល់ស្ថានទូតរុស្សី។
– កំណត់វិថី ស.បិត ពីស្ពាននាគភ្លោះ រហូតដល់ស្ពានតន្ត្រីកោះពេជ្រជាផ្លូវឯកទិស
– ហាមឃាត់ការលក់ដូរអាណាធិបតេយ្យគ្រប់ប្រភេទ នៅលើសួនច្បារលោក ហ៊ុន សែន
– ចំពោះការដ្ឋានសាងសង់របស់ NAGA នឹងមានក្រុមការងារមួយចុះត្រួតពិនិត្យបច្ចេកទេសលម្អិត និងប្លង់ស្ថាបត្យកម្ម ដើម្បីធានានូវសុវត្ថិភាព និងរបៀបរៀបរយ។
ខ.មជ្ឈមណ្ឌលកោះពេជ្រ៖
– កំណត់វិថីសុភមង្គលជាផ្លូវឯកទិស
– ដកចំណតទាំងអស់មុខរោងការ ពីអគារ Aដល់L
– បន្ថែមចំណតដែលអាចផ្ទុករថយន្ដប្រមាណ ១០០០គ្រឿងមួយកន្លែងបន្ថែម។
២.កត្តាសន្ដិសុខ៖
ពង្រឹងកម្លាំសន្ដិសុខ ក្នុងតំបន់កោះពេជ្រ ដោយសហការជាមួយគណៈបញ្ជាការខណ្ឌ-សង្កាត់។
បន្ថែមពីលើនេះ ដើម្បីសម្រួលប្រព័ន្ធចរាចរបន្ថែមនៅតំបន់ជុំវិញ និងមជ្ឈមណ្ឌលកោះពេជ្រ សាលារាជធានីភ្នំពេញ នឹងសហការជាមួយមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នឹងគ្រោងសាងសង់ស្ពានមួយបន្ថែមទៀត៕