បាងកក៖មន្ត្រីជាន់ខ្ពស់យោធាថៃបានថ្លែងថា កាលពីយប់ថ្ងៃពុធម្សិលមិញមនុស្សមួយក្រុមបានបើកការវាយប្រហារតាមរយៈការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារដោយកាំភ្លើងនៅភាគខាងត្បូងនៃប្រទេសថៃ បណ្តាលឲ្យមនុស្ស២ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។
មន្ត្រីដដែលបញ្ជាក់ថា ការវាយប្រហារនោះកើតឡើងចំនួន១១កន្លែង នៅក្នុងខេត្តចំនួនបី គឺខេត្ត ណារ៉ាត់ធីវ៉ាត់ ខេត្តប៉ាត់ណានី និងខេត្តសុងក្លា។ ខេត្តទាំងនេះស្ថិតនៅជាប់ព្រំដែននៃប្រទេសម៉ាឡេស៊ី ជាកន្លែងដែលអ្នកកាន់សាសនាឥស្លាមបះបោរផ្តាច់ខ្លួនធ្វើសកម្មភាពជាច្រើនទសវត្សរ៍មកហើយ។ មន្ត្រីដដែលអះអាងថា ការវាយប្រហារកាលពីយប់ថ្ងៃពុធម្សិលមិញគឺផ្តោតលើកងកម្លាំងប្រដាប់អាវុធ រួមទាំងនគរបាល និង កម្លាំងទាហាន។ ទោះយ៉ាងណា រដ្ឋាភិបាលថៃមិនទាន់កំណត់មុខសញ្ញាថា ក្រុមណាមួយអ្នកបង្កការវាយប្រហារនេះនៅឡើយទេ។
គួរបញ្ជាក់ថា ការបះបោរនៅខេត្តភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សជាង៦៥០០នាក់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល ខណៈដែលហិង្សាចាប់ផ្តើមផ្ទុះឡើងខ្លាំងតាំងពីឆ្នាំ២០០៤ នៅមិនទាន់បានបញ្ចប់នៅឡើយ បើទោះបីជាមានការចរចាពីតំណាងរដ្ឋាភិបាលថៃជាមួយក្រុមបះបោរក៏ដោយ៕