ទាហានឈុតខ្មៅថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​៦២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន​៦២​នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់​ឃាត់ខ្លួន ខណៈ​ពួកគេ​កំពុង​ដើរ​ឆ្លង​អូរ​ព្រំដែន​ចេញពី​ក្រុង​ប៉ោយ​បែ​ត ឆ្ពោះទៅកាន់​ទឹកដី​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​។​
​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងែ​ទី​១៨ ខែមេសា ដោយ​ក្នុងចំណោម​ពលករ​ទាំង​៦២​នាក់​នេះ គឺ​ស្រី​២១​នាក់​គ្មាន​ឯកសារ​អ្វី​ទាំងអស់​។ ប្រភព​បន្តថា ពួកគេ​ដើរ​ឆ្លងកាត់​អូរ​ព្រំដែន​តាមរយៈ​មេខ្យល់​ដែល​យក​ម្នាក់ៗ​២​ពាន់​បាត​ទៅ​៣​ពាន់​បាត ដោយ​ធានា​ជូន​ដល់​គោលដៅ​តាម​បណ្តា​ខេត្ត ក្នុងប្រទេស​ថៃ តែ​មិនទាន់​ដល់​គោលដៅ​ផង​ក៏ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ ។​
​ប្រភពព័ត៌មាន​ដដែល​បន្តថា រីឯ​ពលករ​៦​នាក់​ទៀត ៤​នាក់​កាន់​កាត​អន្តោប្រវេសន៍​ក្លែងក្លាយ និង​២​នាក់​កាន់​លិខិតឆ្លងដែន​ដែល​កន្លងមក​ឆ្លង​ព្រំដែន​មិនបាន​បំពេញ​ឯកសារ​ចេញចូល គឺ​មិនបាន​វាយ​បិទ​ឬ​បើក ។ ទោះបីជា​បែបណា ពលករ​ទាំង​៦២​នាក់​នេះ មិន​ត្រូវបាន​សមត្ថកិច្ច​ថៃ​យកទោស​ពៃរ៍​អ្វី​ឡើយ ដោយ​អះអាងថា ក្រោយពី​សួរនាំ​រួច​នឹង​បញ្ជូន​ត្រឡប់មកវិញ ។​
​ប៉ុន្តែ​មេបញ្ជាការ​យោធា​ឈុតខ្មៅ​កង​រយ​១២០១ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា​នៅ​ក្រុង​ប៉ោយប៉ែត មេត្តាជួយ​ផ្សព្វផ្សាយ​យ៉ាងណា​ដល់​ពលករ​សុំ​កុំ​ឲ្យ​ឆ្លងដែន​ខុសច្បាប់​និង​ជួយ​ទប់ស្កាត់​ផង ព្រោះ​បញ្ហា​ចំណាកស្រុក​ខុសច្បាប់​នេះ ខាង​ថៃ​ចាប់បាន​រាល់ថ្ងៃ​មិនចេះ​អស់​ទាល់តែសោះ ។​
​ចំពោះ​ពលករ​ស្របច្បាប់​ដែល​បាន​វិល​ត្រឡប់មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ក៏​ចាប់ផ្តើម​វិល​ពី​ស្រុកកំណើត​ទៅកាន់​ប្រទេស​ថៃ​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​យ៉ាងច្រើន​កុះករ​ដែរ ៕

23