បទល្មើស​គ្រឿងញៀន​ក្នុង​សង្កាត់​ចោមចៅ​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2017 ក+ ក-

​ភ្នំពេញ​៖​រយៈពេល​២​ខែ​កន្លងទៅនេះ​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិសាស្ត្រ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ភ័យខ្លាច​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត ដូចជា​ករណី​ប្លន់​ប្រដាប់អាវុធ ករណី បាញ់បោះ​អនាធិបតេយ្យ ចោរឆក់​តាម​ដងផ្លូវ ចោរ​កាច់​សោក​ម៉ូតូ និង​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ បានកើត​ឡើងជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​
​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល រស់នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​អោយដឹងថា នៅ​ជិត​ផ្ទះ​របស់គាត់​មាន​ក្រុមក្មេងស្ទាវ​ជំ​ទងៗ​ទាំងប្រុស​ទាំងស្រី បាន​ប្រមូល​ផ្តុំគ្នា​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន នៅក្នុង​បន្ទប់​ជួល ហើយ​គាត់​បាន​លួច​រាយការណ៍​ទៅ​សមត្ថកិច្ច​២-៣​ដង​ដែរ តែ​ហាក់ដូចជា​អត់​ប្រយោជន៍​ទាល់តែសោះ​។
​ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​នៅតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​លោក អនុសេនីយទោ សៅ សារិទ្ធ ស្តីទី​ប៉ុស្តិ៍នគរបាល​ចោមចៅ និង អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ សូមមេត្តា​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ក្នុងនោះ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការបង្ក្រាប​បទ ល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​អំពើចោរកម្ម​លួច​ប្លន់ គឺជា​បញ្ហា​ចាំបាច់​បំផុត​៕

18051560_1864790270426201_566461929_n