ញូដេលី៖ប្រជាជនឥណ្ឌាយ៉ាងតិចចំនួន៣៧នាក់បានបាត់បង់ជីវិតនៅក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេសនេះ ដោយសារកម្តៅដ៏សែនក្តៅហួតហែងរហូតដល់៤៥អង្សាសេបាននិងកំពុងតែវាយលុកនៅតំបន់ខ្លះនៃប្រទេស គិតចាប់តាំងពីដើមខែមេសានេះមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។
នាយកដ្ឋានឧតុនិយមឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា នៅតាមតំបន់ជាច្រើនក្នុងទីក្រុង រដ្ឋ និងតំបន់មួយចំនួនរួមមាន Punjab, Haryana, Chandigarh, Delhi, Jharkhand, Madhya Pradesh, Madhya Maharashtra និង Uttar Pradesh, Maharashtra, Chandrapur, New Delhi បានកើនឡើងកម្តៅនៅក្នុងកម្រិតធ្ងន់ធ្ងរជាខ្លាំង ដែលមានសីតុណ្ហភាពចន្លោះពី ៤៥ដល់៤៦.២អង្សាសេ។
ជាមួយគ្នានេះរដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តបន្លាយរយៈពេលសម្រាប់វិស្សមកាលនារដូវក្តៅរបស់សិស្សសាលា និងបានចេញសេចក្តីណែនាំក្រើនរំលឹកកុំឲ្យប្រជាពលរដ្ឋ ដើរហើរទៅណាឆ្ងាយពីផ្ទះសម្បែងរៀងៗខ្លួន ជាពិសេសនៅចន្លោះម៉ោង១១ជិតថ្ងៃត្រង់ និងម៉ោង៤រសៀល ដើម្បីជៀសវាងទទួលរងគ្រោះដោយសារតែកម្តៅដ៏ខ្លាំងក្លានេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ប្រជាជនឥណ្ឌាចំនួនជិត៥០០នាក់បានបាត់បង់ជីវិតដោយសារតែការកើនឡើងកម្តៅដល់ទៅ៥១អង្សាសេ និងក្នុងឆ្នាំ២០១៥ មនុស្សមិនតិចជាង២,៥០០នាក់បានស្លាប់ដោយសាររលកកម្តៅដូចគ្នានេះផងដែរ៕