ឃុំខ្លួន​ជនជាតិចិន​ម្នាក់ ខ្មែរ​ម្នាក់ ករណី​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង រិទ្ធី កាលពី​នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ករណី​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ខុសច្បាប់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ទី​១​ជា​បុរស​ជនជាតិ​ចិន (​មិន​ស្គាល់ឈ្មោះ​) និង​ទី​២ ឈ្មោះ ស្រាប លី​អេង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន ចោទប្រកាន់​ពីបទ​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​២០១៥ ដល់​២០១៧ យោងតាម​មាត្រា ១០​នៃ​ច្បាប់ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនជាប់ចោទ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​២៦ ផ្លូវលំ​ក្បែរ​សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​រៀបចំ​គម្រោង​នាំ​ស្រី្ត​ខ្មែរ​ជាច្រើន​នាក់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​៕

bratna-6