ខេត្តព្រះវិហារ៖អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង និងដំបូលសាលារៀន២ខ្នង ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ រួមជាមួយបង្គោលភ្លើងអគ្គិសនីមួយដើម ត្រូវរលំ ខណៈដែលស្ត្រីម្នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលដោយសារខ្យល់កន្ត្រាក់លាយភ្លៀងមួយមេយ៉ាងធំ ។
លោកអភិបាលស្រុកបន្តថា ករណីនេះកើតឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ នៅឃុំចំនួន៣ ក្នុងស្រុកជាំក្សាន្ត មានឃុំជាំក្សាន្ត ឃុំរំដោះស្រែ និងឃុំយៀង។ លោកបញ្ជាក់ថា បាតុភូតធម្មជាតិខ្យល់កន្ត្រាក់លាយឡំភ្លៀងនេះ បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន១៧ខ្នង របើកដំបូលអស់ចំនួន ៩២ខ្នង រលំបង្គោលភ្លើង១ដើម និងរបើកដំបូលសាលារៀនចំនួន២ខ្នង ព្រមទាំងបណ្ដាលឲ្យស្លាប់ស្ដ្រីម្នាក់ និង៣នាក់ទៀតបានរងរបួស ធ្ងន់ស្រាល៕