ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុក​គល់ស្ពាន​បណ្ដាល​ឲ្យ​​១៤​នាក់​របួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2017 ក+ ក-

ខេត្តពោធិ៍សាត់​៖​​អ្នកដំណើរ​១០​នាក់​រងរបួស​ធ្ងន់ និង​៤​នាក់​ផ្សេងទៀត​រងរបួស​ស្រាល បន្ទាប់ពីរថយន្ត​សាំ​យ៉ុង​១​គ្រឿង បាន​ជ្រុ​ល​ទៅបុក​គល់ស្ពាន​ប៉ា​ឡេ គ្រា​ដែល​តៃកុង​ស្រវឹងធ្លាក់ភ្នែក​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​លេខ​១២០ ព្រំប្រទល់​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង​ភូមិ​ចាម​ចាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​ក្រគរ លោក ឯម រុន បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង​ខាងលើ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-5741 បើកបរ​ដោយ​ឈ្មោះ នឹម ផល្លា អាយុ​៣២​ឆ្នាំ និង​អ្នករួមដំណើរ​១៣​នាក់​ទៀត​។ ជនរងគ្រោះ​ទាំងអស់​ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​
​លោក​អធិការ​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងអស់​មកលេង​ទឹក​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ពេល​ត្រឡប់មកវិញ អ្នកបើកបរ​ខាងលើ​ទំនងជា​ស្រវឹង ហើយ​ងងុយដេក​ផង​នោះ ក៏​ងោក​លើ​រថយន្ត​លក់​មួយភាំង ទើប​បណ្តាលឱ្យ​ជួប​គ្រោះថ្នាក់​បុក​គល់ ស្ពាន​តែម្តង រងរបួស​ធ្ងន់​បាក់ដៃ​ជើងមនុស្ស​១០​នាក់ និង​ស្រាល​៤​នាក់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​១៤​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដោយឡែក​រថយន្ត​បង្ក​ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ឈើ​ទុំ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

Untitled-1fn-2017-04-23-21-40-46-3