រដ្ឋមន្ត្រី​ការពារជាតិ​អាហ្គានីស្ថាន​ប្រកាស​លាលែង​ពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2017 ក+ ក-

​អាហ្គានីស្ថាន​៖​យោងតាម​បណ្តាញសារព័ត៌មាន ប៊ី​ប៊ី​ស៊ី ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាហ្គានីស្ថាន និង​មេបញ្ជាការ​មួយចំនួនទៀត​បានប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​ការវាយប្រហារ​លើ​បន្ទាយ​យោធា​ពី​សំណាក​ពួក​តា​លី​បង់​បណ្តាល​ឲ្យ​ស្លាប់​និង របួស​ទាហាន​ជាង​១០០​នាក់​។​
​ការប្រកាស​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាហ្គានីស្ថាន​លោក Abdullah Habibi និង​មេ​បញ្ជ​ការ​យោធា​លោក Qadam Shah Shaheem នេះ​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Jim Mattis ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កា​ប៊ុល​ដោយ​មិនបាន​ប្រកាស​ជា​សាធារណៈ​។
​ការប្រកាស​លាលែង​ពី​តំណែង​ធ្វើឡើង​តាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី ក្រោយ​ការវាយប្រហារ​នោះ​មាន​ការមិន​ពេញចិត្ត​ជាច្រើន​ពី​ប្រជាពលរដ្ឋ​អាហ្គានីស្ថាន ដោយ​ពួកគេ​ចោទសួរ​ពី​សមត្ថភាព​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ទប់ទល់​ជាមួយ​ពួកក្រុម​ឧទ្ទាម​តា​លី​បង់​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​លើ​បន្ទាយ​យោធា​មួយកន្លែង​នៅក្បែរ​ទីក្រុង Mazar-e Sharif ដោយ​ពួក​បះបោរ​បើក​ការវាយប្រហារ​គោលដៅ​លើ​កងទ័ព​៕

1