តុលា​ការលើក​ថ្ងៃ​បើកសវនាការ​លើ​ករណី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2015 ក+ ក-

​ភ្នំពេញ​៖ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា សម្រេច​លើក​ថ្ងៃ​បើកសវនាការ​លើ​ករណី​លោកមា​ជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​១១​រូប ក្នុង​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃទី​១៥​កក្កដា ឆ្នាំ​២០១៤​។​

​លោក ជួង ជួ​ងី មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប រួមទាំង​លោកមា​ជ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ ទី​២២​ខែកុម្ភៈ​ថា ចៅក្រម​បានចេញ​ដីកា សម្រេច​លើក​ថ្ងៃ​បើកសវនាការ​លើ​ករណី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ ហើយ​ដីកា​នោះ បាន​មកដល់​រូបលោក​ជា​មេធាវី នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​។ ក្នុង​ដីកា មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលើក​ពេល​សវនាការ ដែល​ពីមុន​គ្រោង​នឹង​បើក​ធ្វើ​នៅ​ថ្ងៃទី​២៣​ខែកុម្ភៈ​នោះទេ ហើយក៏​មិនបាន​កំណត់​កាលបរិច្ឆេទ​ថ្មី​ឡើយ​។​

​សូម​រម្លឹកថា លោកមា​ជ សុវណ្ណារ៉ា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃទី​១៥​កក្កដា ឆ្នាំ​២០១៤ ហើយ​កើតមាន​អំពើហិង្សា វាយតប់​រវាង​បាតុករ និង​ក្រុម​កងសន្តិសុខ​រាជធានី​ភ្នំពេញ​។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ សរុប​៤​នាក់ ផ្សេងទៀត ត្រូវបាន​ចាប់ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បន្តបន្ទាប់​។ ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ៦​រូប​ផ្សេងទៀត ក៏​ជាប់ចោទ​ក្នុង​រឿង​ដូចគ្នានេះ តែ​ស្ថិត​នៅក្រៅ​ឃុំ​។​

សូម​រម្លឹកថា នៅក្នុង​សំណុំរឿង​ធ្វើបាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ក៏មាន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៧​រូប​ជាប់ចោទ​ផងដែរ​។ ប៉ុន្តែ​ក្រោយពី​ការចរចា​នយោបាយ សម្រេច​បានជា​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន កម្ពុជា និង​សង្គ្រោះ​ជាតិ កាល​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៤ អ្នកតំណាងរាស្ត្រ​ទាំងនោះ ត្រូវបាន​ដោះលែង ហើយ​បាន​ស្បថ ចូលកាន់​តំណែង ដោយមាន​អភ័យឯកសិទ្ធិសភា នាំ​ឲ្យ​តុលាការ មិនអាច​អនុវត្ត​នូវ​ការចោទប្រកាន់​នោះបានទេ​នៅពេលនេះ​។​

​សូមបញ្ជាក់ថា សំណុំរឿង​ក្តី​នេះ ត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ កាត់ក្តី​ម្តង​រួចហើយ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ និង​បន្ត​មក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ ប៉ុន្តែ​កាលណោះ ដោយសារ​តែមាន​វត្តមាន​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿងក្តី​បាតុកម្ម​កើត​អំពើហិង្សា​នោះ ក្នុង​បន្ទាប់​សវនាការ ហើយ​ចៅក្រម បានកំណត់​ឲ្យ​តំណាងរាស្ត្រ​ទាំងនោះ ចេញពី​បន្ទប់​សវនាការ ក៏​នាំ​ឲ្យ​មានការ​ផ្អាក​សវនាការ​។​ក្រោយមក ចៅក្រម កំណត់ថា នឹង​បើកសវនាការ​លើ​អង្គសេចក្តី​ក្នុង​រឿងនេះ នៅ​ថ្ងៃទី​២៣​កុម្ភៈ​៕fpm

mn90