កូរ៉េខាងត្បូង៖ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងកិច្ចសម្ភាសមួយថា លោកចង់ឲ្យកូរ៉េខាងត្បូងបង់ប្រាក់១ពាន់លានដុល្លារសម្រាប់ប្រព័ន្ធការពារមីស៊ីល THAAD តែកូរ៉េថា មិនអាចទៅរួចឡើយ។
ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា សំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឲ្យក្រុងសេអ៊ូលបង់ប្រាក់សម្រាប់ការដំឡើងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកនោះ នឹងក្លាយទៅជាជម្រើសដែលមិនអាចទៅរួច។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប៉ុន្តែ លោក គីម គីជុង ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក មូន បានប្រាប់ថា បើទោះបីជាយើងទិញប្រព័ន្ធការពារមីស៊ីល THAAD ក៏ដោយ ប៉ុន្តែប្រតិបត្តិការសំខាន់របស់វា នឹងនៅតែស្ថិតក្នុងកណ្ដាប់ដៃអាមេរិកដដែល។ លោកបន្តថា ដូច្នេះការទិញវា នឹងមិនមែនជាជម្រើសល្អនោះឡើយ៕