នៅព្រំដែនភាគខាងកើតអ៊ុយក្រែន មានការដោះដូរចំណាប់ខ្មាំងរវាងទាហានអ៊ុយក្រែន និងក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី។ ប៉ុន្តែនៅកណ្តាលក្រុងគែវ និងម៉ូស្កូ មានសកម្មភាពអបអរ និងតវ៉ាប្រឆាំងតែរៀងៗខ្លួន ចំពោះទិវារម្លឹកខួប១ឆ្នាំនៃថ្ងៃប្រកាសជ័យជម្នះក្នុងការតវ៉ា នៅទីលាន ម៉ាអ៊ីដង់ ( Maïdan)។
ទាហាន អ៊ុយក្រែនចំនួន១៣៩នាក់ និងក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី ចំនួន៥២នាក់ ត្រូវបានដោះដូរគ្នានៅថ្ងៃសៅរ៍ម្សិលមិញ។ តាំងពីចាប់ផ្តើមមានជម្លោះសង្គ្រាមផ្តាច់ទឹកដីពីខែមេសាឆ្នាំទៅ នេះគឺជាលើកទី៩ហើយនៃការដោះដូរចំណាប់ខ្មាំងនិងឈ្លើយសឹករវាង ទាហានអ៊ុយក្រែននិងក្រុមឧទ្ទាមផ្តាច់ទឹកដីគាំទ្ររុស្ស៊ី។ ការដោះដូរចំណាប់ខ្មាំងនិងឈ្លើយសឹកលើកនេះ បានធ្វើឡើងជាថ្មីទៀត បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងមីនស្គ៍ លើកទី២ ដែលបានចុះហត្ថលេខានៅថ្ងៃទី១២កុម្ភៈកន្លងទៅ។
ទោះយ៉ាងណា កាលពីការប្រយុទ្ធលើកចុងក្រោយនៅក្រុង Debaltseve ភាគីខាងអ៊ុយក្រែនបានបាត់កងទ័ពចំនួន១៧៩នាក់ ដូច្នេះ ការដោះដូរលើកនេះ មានទាហានអ៊ុយក្រែនមួយចំនួនទៀតដែលនៅបន្តបាត់ខ្លួននៅឡើយ។ គួររម្លឹកជូនថា កាលពីការចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅក្រុងមិនស្គ៍លើកទី១ ក៏មានការដោះដូរចំណាប់ខ្មាំងផងដែរ តែសន្តិភាពនៅតែមិនទាន់កើតមានពិតប្រាកដ លើកទឹកដីភាគខាងកើតអ៊ុយក្រែននោះនៅឡើយទេ។
សង្គ្រាមអូសបន្លាយក៏យូរ ហើយដំណើរទៅកាន់សន្តិភាពដ៏មិនទាន់ច្បាស់លាស់ នៅព្រឹកថ្ងៃអាទិត្យទី២២កុម្ភៈនេះ អ៊ុយក្រែនបានប្រារព្ធទិវារម្លឹកខួប១ឆ្នាំនៃថ្ងៃប្រកាសជ័យជម្នះ ក្នុងការតវ៉ា នៅទីលាន Maïdan កណ្តាលរដ្ឋធានីក្រុងគៀវ។ គឺជាទិវានៃបដិវត្តគាំទ្រអឺរ៉ុប ប្រឆាំងនឹងប្រធានាធិបតី Viktor Ianoukovitch ដែលមានជំហរគាំទ្ររុស្ស៊ី។ នៅថ្ងៃអាទិត្យនេះ ប្រមុខដឹកនាំសហភាពអឺរ៉ុបសំខាន់ៗជាច្រើន តួយ៉ាង លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk និងលោក Joachim Gauck ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង ក៏បានចូលរួមក្បួនដង្ហែមួយនៅក្រុងគែវ ដែលគេហៅថា «ដំណើរដើម្បីសេចក្តីថ្លៃថ្នូរ»។
ចំណែកនៅកណ្តាលក្រុងម៉ូស្កូវិញ កាលថ្ងៃម្សិលមិញ ក៏មានការតវ៉ាប្រឆាំងទៅនឹងពិធីនេះទុកជាមុនដែរ ដែលគេឲ្យឈ្មោះថា «ប្រឆាំង Maïdan» ហើយមានអ្នកចូលរួមប្រមាណ៣៥០០០នាក់៕rfi