ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរៀបចំប្រារព្ធខួបទី១៥៤ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា)។
ពិធីនេះផងដែរបានប្រារព្ធធ្វើឡើង ក្រោមវត្តមានលោក ចន្ទ័ សុផល អភិបាលខេត្ត បាត់ដំបងនិងជាប្រធានកិត្តិយសសាខា ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន អាជីវក កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ អង្គភាពជុំវិញខេត្ត យុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ សិស្សនិស្សិត និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ ។
លោក ច័ន្ទ សុផល ប្រធាន កិត្តិយសសាខាបានមានប្រសាសន៍លើកឡើងថា ការដែលកាកបាទក្រហមបានរៀបចំទិវានេះឡើងគឺក្នុងគោលបំណង៖ ទី១.ដើម្បីរំលឹកដល់ថ្ងៃកំណើតលោក ហង់ រី ឌុយណង់ ជាស្ថាបនិក កាកបាទក្រហមនិងជាថ្ងៃបង្កើតកាកបាទក្រហម។ ទី២-ផ្សព្វផ្សាយអោយមានការ យល់ដឹងទូទៅអំពីសកម្មភាពដែលកំពុងធ្វើ និងបន្តធ្វើរបស់សាខាពិសេសការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ។ ទី៣.កៀរគររកមូលនិធិសប្បុសធម៌ពីគ្រប់មជ្ឈដ្ឋានដើម្បីបន្តនិរន្តរភាពសាខា។
ពិសេសទៅទៀតលោកអភិបាលក៍បានអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី សប្បុរសជនជាតិ និងអន្តរជាតិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ទាំងអស់សូមបន្តចូលរួមចំណែក នូវការជួយឧបត្ថម្ភ និងគាំទ្រ ជាកម្លាំងកាយ កម្លាំងចិត្ត ផ្នែកបច្ចេកទេស សម្ភារះ និងថវិការបស់ខ្លួនសម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងសំណូមពរ សេចក្តីត្រូវការរបស់ជនងាយរងគ្រោះនិងជនរងគ្រោះដែលត្រូវការជំនួយសង្គ្រោះជាចាំបាច់បំផុត។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានទទួលចំណូលពីសប្បុរសជនចំនួន ៨២,៣៩៩ដុល្លារផងដែរ៕