ឆ្នាំ២១០៦ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប្រគល់​ប្រាក់​បេឡា​មរណៈ​ជូន​គ្រួសារ​សព​សមាជិក​២៥​សព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2017 ក+ ក-

​ដោយ​៖​កូន​នាគ​កំណាច​
​ខេត្តក្រចេះ​៖​លោក ចាន់ សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត និង​ជា​អនុប្រធាន​ប្រចាំកា​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តក្រចេះ បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បានប្រគល់​ប្រាក់​បេឡា​មរណៈ​ជូន​គ្រួសារ​សព​សមាជិកសមាគម​ន៍​ចំនួន ២៥​សព ស្មើនឹង​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល និង​នៅ​ដើមឆ្នាំ​២០១៧​នេះ ចំនួន ៨​សព ស្មើនឹង​ទឹកប្រាក់​ចំនួន ៣២​លាន​រៀល និង​សរុប​គិត​ចាប់ពី​ឆ្នាំ​២០០៧ នៃ​ការកកើត​សមាគមន៍​រហូតមកដល់​ពេលនេះ សមាគមន៍​បាន​បើក​ផ្ដល់ប្រាក់​បេឡា​មរណៈ​ជូន​គ្រួសារ​សព ដែលជា​សមាជិកសមាគម​ន៍​បាន​ចំនួន ១៧៣​សព ទឹកប្រាក់​សរុប ៦៩២​លាន​រៀល ។​
​លោក បានលើកឡើង​យ៉ាង​ដូច្នេះ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១០ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០០៧- ២១ មិថុនា ២០១៧ ក្រោម​វត្តមាន​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តក្រចេះ តំណាង​លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា នៅ​សាល​មហោស្រព​ខេត្ត​។​
​ក្នុង​ពិធី​នោះ​ក៏មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំងបី ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក ប្រធាន​ក្រុមប្រឹក្សាឃុំ គ្រប់​ឃុំ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​គ្រប់​ឃុំ ការិយាល័យ អង្គភាព​ជុំវិញ​ស្រុក អតីតយុទ្ធជន និង​គ្រួសារ​ពលី មរណៈ ចំនួន ២៥០​នាក់ ។​
​លោក ចាន់ សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច បាន​បន្ត​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុងការ​ផ្ដល់​អាទិភាព​ដល់​ការអនុវត្ត​គោលនយោបាយ​ចំពោះ​អតីតយុទ្ធជន ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ស័​ក្ត​សម​ទៅនឹង​គុណបំណាច់​របស់​អតីត​យុទ្ធ ដែល​បានធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ សំដៅ​លើកកម្ពស់​មនសិកា​រ​ស្នេហា​ជាតិ ស្មារតី​លះបង់​របស់​ប្រជាជន​គ្រប​ស្រទាប់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ។​
​លោក បាន​បន្តថា រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​អនុវត្ត​គោលនយោបាយ​ស្ដីពី​ការផ្ដល់​សម្បទាន​ដី​សង្គមកិច្ច ដល់​អតីតយុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធ​, ការដោះស្រាយ​ការងារ មុខរបរ​, ការដោះស្រាយ​ជីវភាព​ចំពោះ​យោធិន​រំសាយ ចូលនិវត្តន៍ ជន​បាត់បង់​សមត្ថភាព​ការងារ ជនពិការ និង​គ្រួសារ​យុទ្ធជន​ពលី​មរណៈ ដើម្បី​ឲ្យ​អតីត​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ក្រុមគ្រួសារ មាន​ធនធាន​ដីធ្លី​សម្រាប់​សាងសង់​លំនៅដ្ឋាន និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​បង្កើន​ផល​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ។​
​លោក ចាន់ សុ​គុណ បាន​បញ្ជាក់ថា បច្ចុប្បន្ន អតីតយុទ្ធជន ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក​កំពុង​ទទួល​ប្រាក់​របប​គោលនយោបាយ​ពីរ​ដ្ឋ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ សរុប​មាន​ចំនួន ១,២៥៥​នាក់ ។ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ចំនួន ៥​ម៉ឺន​រៀល និង​បាន​បន្ថែម​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​ដល់​អតីត​យុទ្ធ​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ ។​
​ដោយឡែក សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ក៏បាន​នឹង​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​តួនាទី​របស់​បងប្អូន​អតីត​យុទ្ធ​នៅក្នុង​សង្គមជាតិ ។ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​មាន​សមាជិក​សរុប ចំនួន ១,០២៣​នាក់ ក្នុងនោះ​មាន គ្រួសារ​ជន​ពលី គ្រួសារ​ជន​មរណៈ យោធិន​ពិកា និវត្តន៍​ជន និង​ជន​បាត់បង់​សមត្ថភាព​ការងារ​៕

18236398_1870712023167359_253010325_o18254075_1870712009834027_480609391_n 18280275_1870712029834025_348859026_n 18302194_1870712003167361_238454444_n