បាតុកម្ម​តវ៉ា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​អ្នក​ស្លាប់​កើន​ដល់​៣១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2017 ក+ ក-

​កា​រ៉ា​កាស់​៖​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​បណ្តាលមកពី​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត ដែល​បាន​ផ្ទុះឡើង​ចាប់​តាំង​ដើមខែ​មេសា​មក​នោះ បាន​កើន​ដល់​៣១​នាក់ និង​រងរបួស​៤០០​នាក់ រីឯ​រាប់រយ​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន ខណៈ​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុយ​អេ​ឡា និង​ក្រុមអ្នកតវ៉ា​នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស់ នៅតែ​បន្ត​ប្រឈមមុខ​ដាក់គ្នា​ឥតឈប់ឈរ​។​
​ក្រុម​អ្នកគាំទ្រ គណបក្សប្រឆាំង​របស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បាននាំគ្នា​បិទផ្លូវ​ធ្វើដំណើរ​ជាច្រើន​ខ្សែ នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស់ ដើម្បី​ថ្កោលទោស​ចំពោះ​ការ សម្រេចចិត្ត​របស់​ប្រធានាធិបតី លោក Nicolas Maduro ក្នុងការ​ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ ជុំវិញ​ការស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ លោក Maduro ក៏បាន​អះអាង​ដែរ​ថា វេ​ណេ​ស៊ុយ​អេ​ឡា គួរតែមាន​សភា​ប្រជាជន​និង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដើម្បី​ស្ដារឡើងវិញ​នូវ​សន្តិភាព​ក៏ដូចជា ទប់ស្កាត់ ការធ្វើ​រដ្ឋប្រហារ​។ ក៏ប៉ុន្តែ​ក្រុម​គណបក្សប្រឆាំង ដែល​គ្រប់គ្រង​សភាជាតិ​បាន​ច្រានចោល​សំណើ​នេះ និង​ចោទថា លោក​ប្រធានាធិបតី​មាន​ចេតនា​បំផ្លាញ​បទបញ្ញត្តិ នៃ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដើម្បី​សំដៅ​ពង្រឹង​អំណាច​របស់​ខ្លួនឯង​ទៅវិញ​។​
​នៅក្នុង​រយៈពេល​ប្រមាណ​មួយខែ​ចុង​ក្រោយនេះ​បាតុកម្ម​ផ្ទុះ​អំពើហិង្សា​ដែល​រៀបចំឡើង​ដោយ​ក្រុម​បក្សប្រឆាំង បាន​កើតមានឡើង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ក្នុង​គោលបំណង​សំដៅ​ទាមទារ​ឲ្យ​លោក Nicolas Maduro ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ចុះ​ចេញពី​អំណាច និង​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​នៅមុន​ពេល​កំណត់​។ ជាការ​ឆ្លើយតប​រដ្ឋាភិបាល ក៏បាន​សម្រេច​ប្រើប្រាស់​កម្លាំង​កងសន្តិសុខ​រួមទាំង ការ​ដង្ហែរ​បាតុកម្ម​ត​បត​ទៅវិញ​ដោយ​ក្រុម​អ្នកគាំទ្រ​លោក Maduro៕

fn-2017-05-03-09-54-06-0