កាប៊ុល៖ក្រុមមន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថាន បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅមុននេះបន្តិច ថា ចំនួនអ្នកស្លាប់កើនឡើងដល់០៨នាក់ និង២៨នាក់ទៀតរងរបួសហើយ ក្នុងហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតមានឡើង នៅចំកណ្ដាលរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ។
សារព័ត៌មានដដែលបានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង នៅក្បែរស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដោយមានគោលដៅលើក្បួនរថយន្ដរបស់កងកម្លាំងអង្គការណាតូ ដែលកំពុងជួយបណ្ដុះបណ្ដាលកម្លាំងអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ ដែលតែងតែដឹកនាំ សកម្មភាពវាយប្រហាររបៀបនេះនៅអាហ្វហ្គានីស្ថាន។
យ៉ាងណាមិញ ករណីនេះ ពុំទាន់មានក្រុមណាមួយ ចេញមុខអះអាងថាជាអ្នកប្រព្រឹត្តនៅឡើយទេ៕