ដោយ៖កូននាគកំណាច
ក្រចេះ៖មន្ត្រីជំនាញមួយរូបសូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរថា ធម្មតាឡានដឹកឈើមកពីលើរហូតឆ្លងកាត់កម្លាំងសមត្ថកិច្ចហូហែបណ្តាក់គ្នា ហេតុអីមិននាំគ្នាចាត់ ទុកឲ្យរបូតមកដល់ក្រោមធ្វើអី ឬ មួយអ្នកខាងលើមិនចេះធ្វើការឬមិនចង់ធ្វើការ បញ្ហានេះត្រូវរួមគ្នាធ្វើទើបវាទៅរួច បើខាងលើមិនធ្វើ បណ្តោយឲ្យមក វាងាប់ៗតែអាអ្នកនៅក្រោមគេនោះឯង។
ជាក់ស្តែងយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងចម្រុះដឹកនាំដោយលោកនាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង បញ្ជាដោយលោកនាយផ្នែករដ្ឋបាលព្រៃឈើឆ្លូងលោក អ៊ុយ ស្រី បានចុះចាប់ឃាត់បានឡានសាំយុងមួយគ្រឿងដឹកឈើអារពេញណែន នៅភូមិសាស្ត្រឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ហើយបានរុញទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើទាំងយប់ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ក្បួនឡានដឹកឈើអាមានរាប់សិបឡានចេញពីក្នុងឃុំអូរគ្រៀងឋិតក្នុងភូមិសាស្ត្រស្រុកសំបូរក្បួនហែតម្រៀបនៅពេលយប់ស្ងាត់ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៧ យ៉ាងរលូន រហូតមកដល់ស្រុកឆ្លូង ត្រូវបានលោកនាយផ្នែកបញ្ជាឲ្យលោកនាយសង្កាត់ចាប់បានឡានមួយគ្រឿង ខណៈក្រុមឡានជាច្រើនគ្រឿងទៀត បានគេចខ្លួនបាត់អស់។
ទន្ទឹមនឹងការបង្ក្រាបបានឡានសាំយ៉ុងដឹកឈើអាស្ទើរពេញឡាននោះ ត្រូវប្រភពមួយចំនួនលើកឡើងថា ដោយសារតែមានការបញ្ជាពីស្ថាប័នអយ្យការ និងអាជ្ញាធរ ទើបអស់លោកមន្ត្រីជំនាញចេញមុខមកបង្ក្រាប ព្រោះកាលកន្លងមកនៅតាមកំណាត់ផ្លូវជាតិលេខ៧ គេតែងតែឃើញក្បួនឡានដឹកឈើហូរហែ ដោយមិនបានរំខានដល់អស់លោកមន្ត្រីជំនាញទេ ជាពិសេសលោកប្រធានមន្ទីរកសិកម្មដែលមានលោក អោក ដារ៉ុន អនុប្រធានមន្ទីរទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងបទល្មើសព្រៃឈើក្នុងទឹកដីខេត្តក្រចេះ។
ផ្ទុយមកវិញសកម្មភាពនៃការដឹកជញ្ជូនកាន់តែកើតឡើងលើសមុនទ្វេរដង គ្រប់រូបភាព រហូតពេលខ្លះក្រុមឡានដឹកឈើទាំងនោះបើកបរប្រសេកប្រសាចកណ្តាលយប់បែបអនាធិប្បតេយ្យ ឆ្លងកាត់មុខមហាជនយ៉ាងណាក៏លោកមន្ទីរជំនាញអត់ខ្វល់ ក្នុងនោះជំនាញមេព្រៃបានត្រឹមអង្គុយមើលឡានបើកកាត់មុខ ដោយមិនចេញចាប់ព្រោះគ្មានបទបញ្ជា។
ប្រភពច្បាស់ការណ៍អះអាងថា ក្នុងមួយយប់ៗមានឡានដឹកឈើប្រភេទសាំយុងរាប់សិបគ្រឿង ចេញពីភូមិសាស្ត្រភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ឆ្លងកាត់តាមស្នាក់ការអស់លោកមន្ត្រីជំនាញហូរហែហេតុអីមិនចាប់ បែជាបណ្តែតបណ្តោយឲ្យឡានទាំងនោះរួចផុត រហូតដល់ស្រុកឆ្លូង ទើបសមត្ថកិច្ចជំនាញចេញចាប់បានមួយគ្រឿង ឬ មួយមន្ត្រីដែលមានស្នាក់ការខាងលើរវល់មិនសូវនៅកន្លែងទើបមិនដឹងថាមានឡានដឹកឈើចេញនិងឆ្លងកាត់ស្នាក់ការរបស់ខ្លួនដែលនៅប្រចាំការ២៤ម៉ោង។
ចំពោះបញ្ហាទាំងនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកជាមតិរិះគន់ដល់ស្ថាប័នមានសមត្ថកិច្ចជំនាញមួយក្តាប់តូច ដែលមានកាតព្វកិច្ច ចាប់បង្ក្រាបបទល្មើស នៅក្នុងខេត្តក្រចេះ មានគ្រប់ស្ថាប័ន មនុស្សដូចស្រមោចតាមស្នាក់ការ និងដងផ្លូវ ហេតុអ្វីមិនយកភ្នែកមើលបទល្មើសបើកកាត់មុខ ឬ មួយអស់លោកពាក់វែនតាខ្មៅងងឹតបាំងមើលមិនឃើញ ឬក៏អស់លោកមានជាប់ពាក់ពន្ធទទួលបានផលប្រយោជន៍ពីក្រុមអ្នករកស៊ីដឹកឈើតាមឡានសាំយុងទាំងនោះដែរឬយ៉ាងណា៕