ខេត្តកំពត៖បុរសជនជាតិអង់គ្លេសម្នាក់ និងស្ត្រីជនជាតិហ្វាំងឡង់ត្រូវបានកម្លាំងនគរបាលក្រុងកំពតឃាត់ខ្លួនបន្ទាប់បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងសាធារណៈ។
តាមមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល កម្លាំងផែនគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងកំពត បានសហការជាមួយកម្លាំងការិយាល័យអន្តោប្រវេសន៍ខេត្តកំពត និងប៉ុស្តិ៍អណ្តូងខ្មែរ បាននាំខ្លួនជនបរទេស ឈ្មោះ Sirkia Hannah Elisa ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ហ្វាំងឡង់ មុខរបរអ្នកចាក់សាក់ ដែលស្នាក់នៅបឹងហ្គាឡូព្រែកកំពត ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ក្នុងករណីនេះ ជនសង្ស័យបានធ្វើសកម្មភាព វាយទូរម៉ាស៊ីនATM (ABA) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០ និង៤៥នាទីយប់ ដែលកើតឡើង នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ក្រោយឃាត់ខ្លួនភ្លាម កម្លាំងក៏បានបញ្ជូនទៅការិល័យអន្តោប្រវេសន៍ខេត្តកំពត ដើម្បីដោះស្រាយ និងអនុវត្តតាមនីតិវិធីច្បាប់។
ដោយឡែកនៅម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ មានករណីហិង្សាមួយ ឈានទៅបំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលកើតឡើងនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។ បង្កឡើងដោយជនសង្ស័យ ឈ្មោះ MOORE BENGAMINJAMES ជនជាតិអង់គ្លេស ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លង លេខ ៥៣១៧៤៤៣២៤ សព្វថ្ងៃស្នាក់នៅផ្ទះសំណាក់ «មុំាងឃីរីផាប់ប្លេក» ស្ថិតនៅភូមិ សង្កាត់កើតហេតុ។
ជនសង្ស័យរូបនេះ ផឹកស្រាស្រវឹង ហើយធ្វើសកម្មភាពវាយបំផ្លេចបំផ្លាញ់ទ្រព្យសម្បតិ្ត នៅផ្ទះសំណាក់យីហោ «១យប់ទៀត» របស់ជនរងគ្រោះឈ្មោះ តុត មីនកាលី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
ជនសង្ស័យរូបនេះ ក្រោយធ្វើសកម្មភាពហើយ ក៏ត្រូវកម្លាំងនគរបាលក្រុងកំពត ចុះធ្វើការឃាត់ខ្លួនបាន នៅកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្នបាន និងកំពុងឃាត់ខ្លួនសាកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕