ដោយ៖កូននាគកំណាច
ក្រចេះ៖លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានលើកឡើងថា ការតស៊ូ អំណត់ ព្យាយាម គង់បានសម្រេចជោគជ័យក្នុងជីវិត ។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពីមេរៀនជីវិតសម្រាប់យុវជន ក្រោមប្រធានបទ គុណប្រយោជន៍នៃការសិក្សា ដែលប្រព្រិត្តទៅកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង ៥រយនាក់ ដែលជាសិស្សានុសិស្ស និងជានិស្សិត ។
ទាក់ទិនទៅនឹងមេរៀនជីវិត បុរសម្នាក់ ដែលពោរពេញដោយបទពិសោធន៍ ធ្លាប់ឆ្លងកាត់នូវឧបសគ្គនឹងភាពបរាជ័យជាច្រើន ហើយបានព្យាយាមរហូតទទួលបានជោកជ័យក្នុងជីវិត និងក្លាយជាមនុស្សដែលមានឥទ្ធិពលមួយរូបនៅក្នុងសង្គមនាពេលបច្ចុប្បន្នលោកបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍បន្តថា ឯកឧត្តមមានអ្វីៗដូចសព្វថ្ងៃនេះ គឺដោយសារដៃទាំងទ្វេរ និងដោយខ្លួនឯងផ្ទាល់ ។ លោកបន្តថា គ្មាននរណាអាចជួយយើងបាន១០០ភាគរយក្រៅពីខ្លួនឯងនោះទេ ។
លោក មានប្រសាសន៍បន្តទៀតថា ជីវិតរបស់លោក គឺពោរពេញដោយភាពល្វីងជូរចត់ កើតក្នុងគ្រួសារក្រីក្រ មានបងប្អូនច្រើន ជីវភាពលំបាកតោកយ៉ាក រៀនក៏មិនបានខ្ពស់ ឋិតក្នុងសម័យប្រទេសមានសង្គ្រាម កុំតែមានជ័យជំនះថ្ងៃ៧ មករា ១៩៧៩ មិនដឹងទៅជាយ៉ាងណាទេ ។ បើប្រៀបធៀបនឹងបច្ចុប្បន្ននេះ ក្មួយៗពិតជាមានសំណាងខ្លាំងណាស់ បានកើតក្នុងសម័យប្រទេសជាតិមានសុខសន្តិភាពពេញលិញ មានគ្រប់សប់បែបយ៉ាង តាំងពីអាហារហូចចុក កន្លែងស្នាក់នៅ (ផ្ទះ) សម្លៀកបំពាក់ និងកាសិក្សារៀនសូត្រក៏បានខ្ពង់ខ្ពស់គ្រប់គ្នា ។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានជម្រុញស្មារតីដល់ក្មួយៗដែលជាធនធានមនុស្សដ៏សំខាន់ ថា ភាពជោគជ័យ គឺកើតឡើងដោយការតស៊ូ អំណត់ ព្យាយាម ជំនះនូវរាល់គ្រប់ឧបសគ្គ ដោយមិនបោះបង់ចោល ជាពិសេសការចេះចាប់យកឱកាស។
លោក បានធ្វើការណែនាំទៅដល់សិស្សានុសិស្សថា ដែលជាសិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ជាពិសេសអ្នកដែលត្រូវត្រៀមប្រលងបាក់ឌុបឆ្នាំនេះ ដែលនិងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុននេះ ។ លោកបន្តថា ចង់ឲ្យសិស្សនិស្សិតទាំង មានការចូលរូមលើកស្ទួយសង្គមជាតិឲ្យកាន់តែរីកចម្រើន ជៀសឆ្ងាយពីគ្រឿងញៀន ព្រោះយុវជន-យុវនារីទាំងគ្នា គឺជាទំពាំងស្នងឬស្សី ៕