​ការដឹក​ប្រមូល​ឈើ​មិន​ស្របច្បាប់​របស់​ក្រុមហ៊ុន​ហ្សូ​ម​វ៉ាងត្រូវអភិបាលខេត្ត​បញ្ឈប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2017 ក+ ក-

​ខេត្តរតនគិរី​៖​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បាន​បញ្ឈប់​ការដឹក​ប្រមូល​ឈើមូល របស់​ក្រុមហ៊ុន ហ្សូ​ម​វ៉ាង ចូល​រោងចក្រ បន្ទាប់ពី​ក្រុមហ៊ុន​នោះ បាន​ដឹក​ប្រមូល​ឈើមូល អនាធិបតេយ្យ ក្នុង​បរិវេន​ក្រុមហ៊ុន ក្រៅ​អនុតំបន់ មិន​ស្របទៅនឹង​គោល​ការ​ច្បាប់​។​
កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៧ លោក សុខ ម៉ី​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បាន​ដឹកនាំ​កម្លាំង ចុះ​ឃាត់​រថយន្ត​ដឹកឈើ​មូល​២​គ្រឿង គឺ​រថយន្ត​បា​កុង​មួយគ្រឿង និង​រថយន្តស្ទូច​មួយ​គ្រឿង របស់​ក្រុមហ៊ុន ហ្សូ​ម​វ៉ាង​(​រដ្ឋ​សា​ខន​) នៅ​ចំណុច​ត្រពាំង​ចំបក់ ស្ថិតនៅ​ព្រំប្រទល់ ភូមិ​សាមុត​លើ ស្រុក​លំផាត់ និង​ភូមិ​តា​កុក​ព្នង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​ឯកឧត្ដម​អភិបាលខេត្ត​។​
លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូយ៉ាដាវ លោក សុខ ម៉ី​ន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​៧​ថា តាម​បទបញ្ជា​ពី​ឯកឧត្ដម​អភិបាលខេត្ត ឲ្យ​លោក​ឃាត់​រថយន្ត​ដឹកឈើ​មូល របស់​ក្រុមហ៊ុន​ខាងលើ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​តំបន់​ដែល​ក្រុមហ៊ុន​ដឹក​ប្រមូល​ឈើ​នោះ ថា​តើ​ជា​ដី​របស់​ក្រុមហ៊ុន​ដែរឬទេ​។ លោក​មេ​បញ្ចា​ការ បាន​បន្តថា ក្រោយពី​ឃាត់​រថយន្ត​ពិនិត្យឃើញថា ក្រុមហ៊ុន​នេះ ធ្វើ​សកម្មភាព​ដឹក​ប្រមូល​ឈើមូល​ចូល​ក្រុមហ៊ុន ថ្វីត្បិតតែ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន តែ​មិន​ស្របតាម​គោល​ការ​នៃ​ច្បាប់​។ ដោយ​ដឹក​ក្រៅ​អនុតំបន់ ហើយ​គ្មាន​គណៈកម្មការ​ត្រួត​ពិ​ត្យ បំពេញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ឯកឧត្ដម​អភិបាលខេត្ត សម្រេច ឲ្យ​ក្រុមហ៊ុន​នេះ ផ្អាក​ការដឹក​ប្រមូល​ឈើមូល​បន្តទៀត ហើយ​រង់ចាំ រៀបចំ​ឯកសារ​ពី​ស្ថ​ប័ន​ពាក់ព័ន្ធ​ឬ​ថា្នក់​ក្រសួង និង​បង្កើត​ក្រុម​គណៈកម្មការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ទើប​អនុញ្ញាត​ឲ្យ​ដឹក​ប្រមូល​ឈើមូល​ចូល​ក្រុមហ៊ុន​បន្តទៀត​។​
តំណាង​ក្រុមហ៊ុន ហ្សូ​ម​វ៉ាង ម្នាក់​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា ឈើមូល​ដែល​ពួកគេ​ប្រមូល​ដឹក គឺជា​ឈើ​ដែលមាន​គេ​លួច​កាប់​ក្នុង​ដី​ក្រុមហ៊ុន ដូច្នេះ​ក្រុមហ៊ុន​ក៏​ដឹក​ប្រមូល​យកមក​រក្សាទុក ក្នុង​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​បង់ពន្ធ​ជូន​រដ្ឋ​។ លោក​បន្តថា ក្រោយពី​មានការ​ត្រួតពិនិត្យ របស់​អាជ្ញាធរខេត្ត​ថា មិន​សមស្រប​តាមច្បាប់​នេះ លោក​នឹង​បំពេញ​សុំ​ណុំ​ឯកសារ​ទៅ​ថ្នាក់​ខេត្ត​ឲ្យ​បាន​ស្របច្បាប់ ដើម្បី​ដឹក​ប្រមូល​ឈើមូល​នេះ​បន្តទៀត​។​
ចំណែក​លោក កែប កត់ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បានបញ្ជាក់​នៅ​ថ្ងៃទី​៨ ខែឧសភា នេះ​ថា ឈើ​ទាំងនេះ លោក​បាន​បញ្ជា​ទៅ​នាយផ្នែក និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ឲ្យ​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន ដើម្បី​ប្រមូល​ដឹកឈើ​នេះ ដាក់​ក្នុង​ក្រុមហ៊ុន ហើយ​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ ថា​តើ​ឈើ​ទាំងនេះ​ត្រូវ​ពិន័យ ឬក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់ពន្ធ​។​
គួរ​បញ្ជាក់ថា ក្រុមហ៊ុន​វិនិយោគ​នីមួយៗ បើទោះជា​មាន​ផ្ទៃដី​ទំហំ​ប៉ុណ្ណា​ក៏ដោយ តាមច្បាប់​ត្រូវ​ចែកចេញជា​ឡូដ៍ ឬ​ហៅថា អនុតំបន់ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នោះ កាត់ឈើ​ឈូសឆាយ​ដាំ​ដុះ តំបន់​នោះ ប្រចាំឆ្នាំ​រួចរាល់ ទើប​ក្រុមហ៊ុន​សុំច្បាប់ ឬ​អាជ្ញា​ប័ន​បន្ត ពី​ថ្នាក់​ក្រសួង ដើម្បី​ឈានទៅ អភិវឌ្ឍន៍ តំបន់​ថ្មី​ទៀត​នា​ឆ្នាំ​បន្ត​។ ប៉ុន្តែ​ក្រុមហ៊ុន​ខាងលើនេះ តែងតែមាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ ពី​ករណី​ឈូសឆាយ​ព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ និង​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជា​ញឹកញាប់ ថា​ក្រុមហ៊ុន ហ្សូ​ម​វ៉ាង​(​រដ្ឋ​សា​ខន​) តែងតែ​លួច​ដឹកឈើ​ចេញពី​ព្រៃ​សហគមន៍ និង​លួច​ដឹកឈើ​ពាស់វាល​ពាស់កាល អនាធិបតេយ្យ ពេញ​តែ​បរិវេណ​ក្រុមហ៊ុន​៕

unnamed12