រាធានីភ្នំពេញ៖អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លងថា គ.ជ.ប បានចំណាយថវិកាប្រមាណជិត ៧៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញខ្មៅជ្រលក់ដៃ គុណភាពខ្ពស់ពីប្រទេសឥណ្ឌា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលខាងមុខនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ទឹកខ្មៅដែលសម្រាប់ជ្រលក់ដៃពលរដ្ឋនៅពេលបោះឆ្នោតនោះ គ.ជ.ប បានបញ្ជាទិញពីប្រទេសឥណ្ឌារួចហើយ ប៉ុន្ដែភាគីឥណ្ឌាមិនទាន់បានបញ្ជូនមកទេ ព្រោះថាត្រូវរង់ចាំឲ្យទឹកខ្មៅនេះងំល្អ ទៅតាមស្ដង់ដារបច្ចេកទេស។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើទឹកខ្មៅនេះ មិនមានប្រសិទ្ធភាពល្អ (លុបជ្រះ) គ.ជ.ប នឹងមានវិធានការផ្សេងទៀត ដើម្បីធានាថា ពលរដ្ឋម្នាក់បោះឆ្នោតបានតែម្ដងប៉ុណ្ណោះ។
គួរម្លឹកថា បញ្ហាទឹកខ្មៅជ្រលក់ដៃនេះ ត្រូវបានក្រុមបក្សប្រឆាំងលើកយកទៅធ្វើជាបញ្ហាម្តងរួចមកហើយកាលពីបោះឆ្នោតនាអាណត្តិមុន ខណៈដែលបក្សប្រឆាំងចោទថា ទឹកខ្មៅជ្រលក់ដៃគ្មានគុណភាពអាចលប់បានភ្លាមៗ៕