ករណី​លិច​ទូក​ជនភៀសខ្លួន​នៅ​លី​ប៊ី​ស្លាប់​១១​នាក់ និង​ជិត​២០០​នាក់​បាត់​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2017 ក+ ក-

​លី​ប៊ី​៖​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​លើកឡើង​ពី​សំដី​អ្នក​នៅ​រស់រានមានជីវិត​ក្នុង​សោកនាដកម្ម​ចុងក្រោយ​បំផុត​មួយ​ថា ជន​ឥ​ន្តោ​ប្រវេសន៍​១១​នាក់​បាន​ស្លាប់​និង​ជិត​២០០​នាក់​កំពុង​បាត់​ខ្លួន​ក្រោយពេល​ទូក​ចំនួន​ពីរបាន​លិច​ជិត​ឆ្នេរ​ប្រទេស​លី​ប៊ី​។​
​អ្នក​នៅ​រស់រានមានជីវិត​ចំនួន​៥០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​នាវា​ដឹក​កុងតឺន័រ​របស់​ដា​ណឺ​ម៉ាក​ដែលមាន​ឈ្មោះថា Alexander Maersk ដែល​ត្រូវបាន​ជូនដំណឹង​ឲ្យ​បង្វែរ​ទិស​ដោយ​ឆ្មាំ​សមុទ្រ​អ៊ីតាលី​ហើយ​បានដាក់​ពួកគេ​ចុះ​នៅ​តំបន់ Pozzallo ភាគខាងត្បូង​ទីក្រុង Sicily ។​
​តំណាង​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) បាន​ទៅ​ជួប​ពួកគេ​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​រឿងរ៉ាវ​កើតឡើង​។​
​អ្នក​នៅ​រស់រានមានជីវិត​បាន​ប្រាប់​ពួកគេ​ថា ស្ត្រី​និង​កុមារ​គឺ​ស្ថិតក្នុង​ចំណោម​អ្នក​បាត់​ខ្លួន​។​នៅពេល​ជាមួយគ្នា​នោះ សាកសព​ស្ត្រី​ចំនួន​១០​នាក់​និង​កុមារ​ម្នាក់​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃ​ចន្ទ​នៅលើ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង Zawiya ដែលមាន​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​រដ្ឋធានី Tripoli ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ម្នាក់​នៃ​អឌ្ឍចន្ទ​ក្រហម​លី​ប៊ី​។​
​កាលពី​ថ្ងៃអាទិត្យ ជន​ចំណាកស្រុក​ប្រាំពីរ​នាក់​ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​និង​បុរស​ប្រាំមួយ​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកនេសាទ​លី​ប៊ី​និង​ឆ្មាំ​សមុទ្រ​ជិត​ឆ្នេរ​នៃ​រដ្ឋធានី​របស់​លី​ប៊ី​។​
​អ្នកនាំពាក្យ​របស់​អង្គការ IOM ដែល​បាន​ជួប​ជាមួយ​ពួកគេ​បាន​និយាយថា ពួកគេ​បានចេញ​ដំណើរ​នៅលើ​ទូក​មួយ​ដែលមាន​មនុស្ស​យ៉ាងហោចណាស់​១២០​នាក់​ដោយ​ក្នុងចំណោម​នោះ​មាន​ស្ត្រី​ប្រហែល​៣០​នាក់​និង​កុមារ​ចំនួន​ប្រាំបួន​នាក់​។​
​សរុប​ទាំងអស់ ជន​ឥ​ន្តោ​ប្រវេសន៍​ជាង​៦,០០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​នៅ​សុក្រ​និង​ថ្ងៃ​សៅរ៍​ក្នុង​ដែនទឹក​អន្តរជាតិ​ជិត​ឆ្នេរសមុទ្រ​ប្រទេស​លី​ប៊ី​និង​ត្រូវបាន​នាំយក​ទៅកាន់​ប្រទេស​អ៊ីតាលី​ខណៈដែល​មនុស្ស​រាប់រយ​នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​នៅក្នុង​ដែនទឹក​របស់​ប្រទេស​លី​ប៊ី​ហើយ​បាន​នាំយក​ត្រឡប់​ទៅ​ប្រទេស​លី​ប៊ី​វិញ​៕

fn-2017-05-08-23-09-29-0