លោក Moon Jae-in ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​ទីបំផុត​បេក្ខជន​និយម​កណ្តាល​លោក Moon Jae-in បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង គ្រា​ដែល​គូប្រជែង​ដ៏​សំខាន់​ទាំងពីរ​របស់លោក​ក៏បាន​ទទួលស្គាល់​បរាជ័យ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន AP​។​
​លោក Moon បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា​៖«​ខ្ញុំ​នឹង​ក្លាយជា​ប្រធានាធិបតី​សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង​ទាំងអស់​»​។ ការលើកឡើង បែបនេះ​របស់លោក​កើត​ឡើង បន្ទាប់ពី​គូប្រជែង​ដ៏​ធំ​របស់លោក គឺ​លោក Ahn Cheol-soo និង​លោក Hong Joon-pyo បានទទួល​ស្គាល់​បរាជ័យ ក្រោយ​ការស្ទង់មតិ​នៃ​លទ្ធផល​បោះឆ្នោត​របស់​ស្ថានីយទូរទស្សន៍ KBS, MBC និង SBS បង្ហាញថា លោក Moon បានទទួល​ជ័យជម្នះ​យ៉ាង​ធំធេង ដោយ​ទទួលបាន​សំឡេងគាំទ្រ​៤១,៤​ភាគរយ តាម​ពីក្រោយ​ដោយ​លោក Hong ដែល​ទទួលបាន​ការគាំទ្រ​២៣,៣​ភាគរយ និង​លោក Anh ២១,៨%​។​
​បើតាម​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​កូរ៉េខាងត្បូង NEC ឈ្មោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​១៩ នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​៕

fn-2017-05-09-18-37-35-0