បាងកក៖អាជ្ញាធរនៅក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់៦០នាក់បានរងរបួសក្នុងហេតុការណ៍វាយប្រហារបំផ្ទុះរថយន្ដកាលពីម្សិលមិញនៅខាងក្រៅបរិវេណផ្សារទំនើបមួយកន្លែង ស្ថិតនៅក្នុងខេត្ត Pattani ឯភាគខាងត្បូងប្រទេសថៃ ខណៈដែលគេសង្ស័យថាជាទង្វើរបស់ក្រុមសកម្មប្រយុទ្ធបំបែករដ្ឋ។
អនុប្រធានមន្ទីពេទ្យ Pattani Hospital លោក Arun Prasertsuk បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៦០នាក់ បានរងរបួស ក្នុងនោះ២០នាក់របួសធ្ងន់ ដោយសារតែការវាយប្រហារបំផ្ទុះរថយន្ដ ដែលបានបង្កជាការខូចខាតសម្ភារៈមួយចំនួនផងដែរ។ ភ្លាមៗពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែក្រុមអាជ្ញាធរថៃ សង្ស័យថាវាជាស្នាដៃរបស់ក្រុមឧទ្ទាមបំបែករដ្ឋនៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អំពើហិង្សរវាងក្រុមឧទ្ទាមបំបែករដ្ឋ ជាមួយអាជ្ញាធរថៃ នៅតំបន់ភាគខាងត្បូង នៃប្រទេសដូចជា ខេត្ត Yala, Pattani និងខេត្ត Narathiwat បានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ៦,៥០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤មក៕