លោក ត្រាំ ការពារ​ជំហរ​ក្រោយ​បណ្ដេញ​នាយក FBI ចេញពី​តំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2017 ក+ ក-

​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ទាត់ចោល​ការរិះគន់​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការបណ្ដេញ​នាយក FBI លោក James Comey ចេញពី​តំណែង ខណៈដែល​គណបក្ស​ប្រជាធិបតេយ្យ​បានស្នើ​សុំឱ្យ​បន្ត​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ស្ដីពី​ទំនាក់ទំនង​រវាង​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក ត្រាំ ជាមួយ​រុស្ស៊ី​។ នេះ​បើ​យោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​បាន​លើកឡើងថា កិច្ចការ​របស់ FBI នៅពេលនេះ​នឹង​ស្ថិតក្នុង​ស្ថានភាព​រញ៉េរញ៉ៃ ហើយ​គណបក្ស​នេះ​បានទាមទារ​ឲ្យ​មាន​រដ្ឋអាជ្ញា​ពិសេស​មួយ ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ការតែងតាំង​រដ្ឋអាជ្ញា​ពិសេស​ដូច​នៅក្នុង​រដ្ឋបាល​របស់លោក Richard Nixon ឬក៏​រឿងអាស្រូវ​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន​។​
​នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​នៅឯ​សេត​វិមាន​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​ការពារ​ការសម្រេច​ចិត្ត​របស់លោក ហើយ​បាន​ហៅ​ក្រុម​សមាជិកសភា​ប្រជាធិបតេយ្យ ដែល​រិះគន់​ការសម្រេចចិត្ត​នេះ​ថា ជា​មនុស្ស​ពុតត្បុត​។ បន្ថែម​ពីលើ​នេះ លោក ត្រាំ ក៏បាន​អះអាងថា ការបណ្ដេញ លោក Comey ចេញពី​តំណែង​គឺ​ដោយសារតែ​នាយក FBI រូបនេះ​មាន​ភាព «​ឃោរឃៅ​» លើ​ការងារ ពោលគឺ​ការបណ្ដេញចេញ​នេះ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​លើ​រុស្ស៊ី​នោះឡើយ​។​
​គួរ​បញ្ជាក់ថា ការបណ្ដេញ​លោក James Comey ដោយ​លោក ត្រាំ បាន​ជំរុញ​ឲ្យ​មាន​កំសួល​នយោបាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​បាន​ជំរុញ​ឲ្យ​តំណែង​ប្រធានាធិបតី​ដ៏​ក្មេងខ្ចី​នេះ​ធ្លាក់​ទៅក្នុង​ស្ថាន​ភាពមិនប្រាកដ​ប្រជា​៕

fn-2017-05-11-10-03-20-0