បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលា​ការពី​បទ​ឆបោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ជនសង្ស័យ​៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ បាន​កសាង​សំណុំរឿង​ចាប់បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់ ជាប់ចោទ បទ​ឆបោក ពាក់ព័ន្ធ​និង​ការប្រើប្រាស់​ប្រាក់​ដូ​ល្លា​ក្លែងក្លាយ​២៥,០០០​ដុល្លារ​(​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ដូរ​យកប្រាក់​បាត​ថៃ​ចំនួន​៧០​ម៉ឺន​បាត ពី​ជនរងគ្រោះ​ចំនួន​២​នាក់​។​
​ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​៧​និង​ទី​៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​ជាមួយនឹង​ការឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​ប្រាក់​ដូ​ល្លារ​ក្លែងក្លាយ​របស់​ក្រុម​ជនសង្ស័យ ដែល​បាន​ប្រើប្រាស់​បោក​បញ្ឆោត​ជនរងគ្រោះ​នូវ​ទឹកប្រាក់​ចំនួន​២៥,០០០​ដុល្លារ (​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ក្នុងនោះ​មាន​ក្រដាសប្រាក់​១០០​ដុល្លារ ក្លែងក្លាយ​២៨២​សន្លឹក និង​ប្រាក់​ដុល្លារ​ពិតប្រាកដ​ក្រដាស​១០០​ដុល្លារ ចំនួន​៣​សន្លឹក និង​រថយន្ត​កាមរី​ឆ្លាម​ជនសង្ស័យ​១​គ្រឿង ។​
​លោក​វរសេនីយ៍ទោ ខែម សោ​ភ័​ណ្ឌ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ មានឈ្មោះ ១,​នី ឈុន​នឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រកបមុខរបរ​អ្នករត់​រថយន្ត​តាក់ស៊ី រស់នៅ​ភូមិ​សន្លុង ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង ២,​រុន សុភ័ក្ត្រ​ហៅ​ភា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ប្រកបមុខរបរ​កសិក​រ រស់នៅ​ភូមិ​វត្ត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ៣,​ឃុំ ស៊ីថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ប្រកបមុខរបរ​មន្ត្រី កិច្ចសន្យា​សាលាដំបូង​ខេត្ត​ឧ​ត្ថរ​មានជ័យ ។​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ក្រោម​ការ​អនុវត្តតាម​បទបញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​
​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យដឹងទៀតថា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​ជនរងគ្រោះ​២​នាក់ មានឈ្មោះ ជ្រិ​ន ចាន់​រៀម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ឈ្មោះ កុយ ចាន់​វាសនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​អ្នក​ទាំង​២​នាក់ រស់នៅក្នុង​ក្រង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​មិត្តភក្តិ​២​នាក់​ទៀត បាន​ណាត់​ជួបគ្នា​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​ទៅ​៥​នាក់ ដើម្បី​ដូរ​ប្រាក់​រវាង​គ្នា​នឹង​គ្នា​នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ជនរងគ្រោះ​មាន​ប្រាក់​បាត​ថៃ​៧០​ម៉ឺន​បាត​ដូរ​យកប្រាក់​ដូ​ល្លារ​ពី​ជនសង្ស័យ​ចំនួន ២៥,០០០​ដុល្លារ (​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ។​លុះ​បន្ទាប់មក​ជនរងគ្រោះ​និង​មិត្តភក្តិ​៤​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចេញពី​ខេត្តបន្ទាយមានជ័យ ទៅដល់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ដើម្បី​ដោះដូរ​ប្រាក់​គ្នា​។​នៅពេល​ជួបគ្នា​គឺ​ក្រុម​ជនរងគ្រោះ​និង​ក្រុម​ជនសង្ស័យ ក៏បាន​ដូរ​ប្រាក់​គ្នា​ទៅវិញ​មក ទៅតាម​ការសន្យា​ណាត់ជួប​គ្នា​នោះ​។ ក្នុងនោះ​ក្រុម​ជនរងគ្រោះ​ម្នាក់ បាន​ពិនិត្យឃើញថា ប្រាក់​ដូ​ល្លា​នោះ​ជា​ប្រាក់​ពិតប្រាកដ​ចំនួន ២៥,០០០ ដុល្លារ​(​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) បន្ទាប់មក ពួកគេ​ក៏បាន​ជិះ​រថយន្ត​បែក​គ្នា​រៀងៗ​ខ្លួន​។​
​ក្រោយមក​នៅពេលដែល​ជនរងគ្រោះ​បានធ្វើ​ដំណើរ​តាម​រថយន្ត​មកដល់​ពាក់​កណ្តាលផ្លូវ​ដើម្បី​មក​ខេត្តបន្ទាយមានជ័យ​វិញ ម្ចាស់​ប្រាក់​មានឈ្មោះ កុយ ច័ន្ទ​វាសនា មិន​អស់ចិត្ត បើក​កាបូប​ដាក់​ប្រាក់​ដូ​ល្លា​ពិនិត្យឡើងវិញ ក៏​ស្រាប់តែ ឃើញ​ប្រាក់​ដូ​ល្លា​សុទ្ធតែ​៣​សន្លឹក​ដ​ជា​ក្រដាស់​១០០​ដុល្លារ ចំណែក​២៨២​សន្លឹក​ទៀត​សុទ្ធតែ​ក្លែងក្លាយ គេ​សង្ស័យថា​ក្រុម​សមាជិក​ជនរងគ្រោះ​ម្នាក់​ដែលជា​អ្នកត្រួតពិនិត្យ​ប្រាក់​ដូ​ល្លា​នៅពេល​ដូរ​គ្នា ធ្វើជា​រនុកក្នុង​រួមដៃគ្នា​និង​ក្រុម​ជនសង្ស័យ​ខាងលើ​ដើម្បី​បោក​ប្រាក់​មិត្តភក្តិ​ធ្វើ​ដ​ណើ​រ​ទៅ​ជាមួយគ្នា​។ បន្ទាប់មក​ជនរងគ្រោះ​ម្ចាស់​ប្រាក់​មានឈ្មោះ កុយ ច័ន្ទ​វាសនា​និង​ឈ្មោះ​ជ្រិ​ន ចាន់​រៀម​បានមក​ដាក់ពាក្យ​ប្តឹង ក្រុម​ជនសង្ស័យ​ខាងលើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។ នគរបាល ក៏បាន​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ ។​
​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ឱ្យដឹងទៀតថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទទួលកំហុសរ​បស់​ខ្លួន​ថា​រូបគេ​ពិតជា​ប្រើប្រាស់​ដូ​ល្លា​ក្លែងក្លាយ គោលបំណង​បោក​ប្រាក់​ជនរងគ្រោះ​។ ប្រាក់​បាត​ថៃ​៧០​ម៉ឺន​បាត​ដែលជា​របស់​ជនរងគ្រោះ​ពួកគេ​ចែកគ្នា​ចាយវាយ​អស់នោះ​ហើយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​និង​ករណីនេះ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​បន្ថែមទៀត៕

v6v7