បរទេស ៖ តាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយលើករណីកូរ៉េខាងជើងបាញ់អាវុធមីស៊ីលនៅរសៀលថ្ងៃអង្គារស្អែកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ការបើកកិច្ចប្រជុំនេះធ្វើឡើងតាមស្នើសុំពីសហរដ្ឋអាមេរិក និងជប៉ុនកាលពីម្សិលមិញ ដើម្បីជជែកករណីកូរ៉េខាងជើងបានបាញ់អាវុធមីស៊ីលជាថ្មីទៀត ដែលត្រូវបានគេចាត់ទុកជាផ្នែកមួយនៃការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមីស៊ីលជាថ្មីទៀតហោះបានជាង៧០០គីឡូម៉ែត្រ ដែលជាការប្រឆាំងប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Moon Jae-In ជាអ្នកសេរីនិយមលោកថ្លែងថា ចង់បញ្ចប់ភាពតានតឹងជាមួយកូរ៉េខាងជើង។
ការបាញ់នេះគឺជាលើកទី២ក្នុងរយៈពេល២សប្តាហ៍ ដែលនាំឲ្យសហគមន៍អន្តរជាតិកាន់តែមានការព្រួយបារម្ភខ្លាំងថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែខ្លាំងឡើងអាចឈានដល់ការបាញ់បានក្នុងរយៈវែងមួយហើយគ្រោះថ្នាក់កាន់តែខ្លាំង។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលចុងក្រោយនេះរបស់ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមបាញ់ចេញពីតំបន់សេដ្ឋកិច្ចសិសកៃសុង នៅភាគពាយព្យនៃឆ្នេរ គឺនៅក្បែរឆ្នេរសមុទ្រជប៉ុន៕