ខេត្តកំពង់ស្ពឺ ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស៤នាក់បានស្លាប់ និង២១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការន៍រថយន្ត៣គ្រឿងបុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ40-41 ស្ថិតនៅភូមិរំលោង ឃុំវល្លិស រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។
រាយការណ៍បន្តាថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយពណ៌ស (ឡានបែន) ពាក់ស្លាកលេខភ្នំពេញ 3D-2933 មិនស្គាល់អ្នកបើកបរ(ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ (ឡានការ៉េ) ពាក់ស្លាកលេខភ្នំពេញ 2J-0849 បើកបរដោយឈ្មោះ រឹត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង បើកបរបញ្ច្រាសទិសគ្នាបណ្ដាឲ្យក្រឡាប់ផ្ងាជើង រួចរថយន្តបែនក៏រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង(ប្រភេទទេសចរណ៍) ពាក់ស្លាកលេខភ្នំពេញ 2Q-4362 បើកបរពីកើតមកលិច បណ្ដាលឲ្យស្លាប់៤នាក់ និងរបួស២១នាក់ ក្នុងនោះស្រី១០នាក់។
ទោះជាយ៉ាងណាសេចក្តីរាយការណ៍ខាងលើបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងទៀត ព្រោះអ្នករបួសខ្លះមានស្ថានភាពធ្ងន់ធ្ងរ។ មកដល់ម៉ោងប្រមាណ៩ និង២០នាទី បញ្ហាការកកស្ទះចរាចរណ៍បានកើតឡើងយ៉ាងខ្លាំង នៅចំណុចកើតហេតុ ដោយកម្លាំងសមត្ថកិច្ចជាច្រើននាក់បានទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់៕