បង្ក្រាប​ទីតាំង​ច្រៀក​ឈើ​គ្រញូង​មួយកន្លែង​របស់​ឈ្មួញ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2017 ក+ ក-

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​៖ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ច្រៀក​ឈើ​ក្រញូង​១​កន្លែង​របស់ ឈ្មួញ​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀង ធី​ម៉ា​យ ហៅ​យាយ​ម៉ា​យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្នុងព្រៃ​ខាងជើង​ភូមិ​១០៥ ជាប់​ព្រុំប្រទល់​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់ និង​កម្មករ​កន្លែង​ច្រៀក​ឈើ​គ្រញូង​ហាក់បី​ដឹងខ្លួន​ទាន់​មុន​ក៏បាន​គេចខ្លួន និង​ជម្លៀស​ឈើ​ចេញ​អស់​មុន​កម្លាំងចម្រុះ​ទៅដល់ ដោយ​បន្សល់ទុក​វត្ថុតាង​សម្ភារៈ​និង​ឧបករណ៍​ច្រៀក​ឈើ​គ្រញូង ក្នុងនោះ​រួមមាន​តាប​ច្រៀក​ចំនួន​៤​គ្រឿង តាប​ខ្វៀ​ល​ចំនួន​២​គ្រឿង និង​ម៉ាស៊ីន​ម៉ាក​យ៉ាំង​ដុង​ចំនួន​៥​គ្រឿង​។ បន្ទាប់ពី​រឹបអូស​បាន​វត្ថុតាង​ក​ម្លាំ​ង​រដ្ឋបាល​ព្រៃឈើ​បាន​យកទៅ​រក្សាទុក​ក្នុង​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ថិតក្នុង​ចំណុច​ព្រៃ​ស្អា​ក ស្រុក​អន្លង់វែង​។​
បើតាម​សមត្ថកិច្ច​ចម្រុះ​បានអោយដឹងថា ឈ្មួញ​ឈើ​គ្រញូង​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀង ធី​ម៉ា​យ​ហៅ​យាយ​ម៉ា​យ ខាងលើ​ធ្លាប់​ត្រូវបាន​កម្លាំងចម្រុះ​បង្ក្រាប​ជា​ច្រើនដង​មកហើយ និង​បាន​ប្រើ​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន​ជាច្រើនលើក​ទៀត ហើយ​ការដឹកជញ្ជូន​ឈើ​គ្រញូង​របស់​ឈ្មួញ​ខាងលើ​គឺ​ដឹក​ទាំង​ថ្ងៃ​តែម្តង ដោយ​សមត្ថកិច្ច​ក្នុងស្រុក​មិនអាច​បង្ក្រាប​នោះទេ ហើយ​ការបង្ក្រាប​លើក​នេះ​គឺ​ដោយមាន​បទបញ្ជា​ចេញពី​ក្រសួង​ទើប​ចុះបង្ក្រាប​៕

18516228_1876664769238751_1446419900_n18516373_1876664762572085_800344186_n