ខេត្តព្រៃវែង ៖ សាលាដំបូងខេត្តព្រៃវែង សម្រេចផ្ដន្ទាទោសជនជាប់ចោទជាមុខសញ្ញាមេចោរប្លន់ ប្រដាប់អាវុធ៣៧លើក ដាក់ពន្ធនាគារ៨ឆ្នាំ និងបង្គាប់ឲ្យសង៦០លានរៀល ទៅជនរងគ្រោះ ។
ការសម្រេចផ្តន្ទាទោសនោះធ្វើឡើងកាលពីព្រឹកមិញ ដោយសម្រេចផ្ដន្ទាទោស ជនជាប់ចោទទី១ឈ្មោះ នៅ ស័រ ភេទប្រុសអាយុ៤៥ឆ្នាំមានទីលំនៅ ភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ២ឈ្មោះ ថោង យា ភេទប្រុសអាយុ៥១ឆ្នាំ ត្រូវជាបងប្អូនថ្លៃឈ្មោះ នៅស័រ នៅភូមិជាមួយគ្នាអ្នកទាំង២កំពុងជាប់ឃុំ នៅខេត្តស្វាយរៀង។ ទី៣ឈ្មោះ នុត ថង ហៅតុកភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិចំណងទា ឃុំជាមួយ។ ទី៤ឈ្មោះ ងិន ថា ភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំជាងដែកស្រុកជាមួយគ្នា និង៥ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េងភេទប្រុសអាយុ៦១ឆ្នាំ ជាមេខ្លោងក្នុងអំពើប្លន់យ៉ាងសកម្ម ទាំង៣៧លើកដែលមានទីលំនៅ ភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពុងត្របែក ខេត្តព្រៃវែង ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅព្រៃវែង ។
ជនជាប់ចោទ និងត្រូវដាក់ពន្ធនាគារ ក្នុងម្នាក់ៗ៨ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទ ខាងលើសងប្រាក់ទៅឈ្មោះ សំ ណាគ្រី ដែលជាជនរងគ្រោះចំនួន៦០លានរៀល។ ដោយលើកលែងទោសឲ្យជនជាប់ចោទចំនួន២នាក់ទី១ ឈ្មោះ ឃុត ហុន មានទីលំនៅភូមិបេងឃុំព្រៃពោន ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដែលជាប់ចោទពីបទ ទទួលផលចោរកម្ម។ និងទី២ឈ្មោះ ម៉ឹង សុខា ភេទ(ហៅសារូ)មានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបានប្រព្រឹត្តក្នុងអំពើលួច ។
ទន្ទឹមនោះតុលាការបានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ នុត ថង និងឈ្មោះ ងិន ថា ដែលកំពុងរត់គេចខ្លួន ឲ្យមកទទួលទោសតាមច្បាប់ និងទុករយៈពេល១ខែ សម្រាប់ប្ដឹងទាស់ឧទ្ធរណ៍ បើភាគីណាមិនសុខចិត្ត៕