ការ៉ាកាស់ ៖ អគ្គរដ្ឋអាជ្ញានៃប្រទេសវេណេស៊ុយអេឡា បានឲ្យដឹងនៅថ្ងៃថា ចំនួនមនុស្សស្លាប់នៅក្នុងបាតុកម្មដ៏បង្ហូរឈាម ដែលបានអូសបន្លាយរាប់ខែមកហើយនេះបានកើនឡើងដល់៤៣នាក់ បន្ទាប់ពី យុវវ័យម្នាក់វ័យ១៥ឆ្នាំបានស្លាប់កាលពីម្សិលមិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
ប្រភពខាងលើបន្តថា យុវវ័យដែលស្លាប់នោះឈ្មោះ Jose Francisco Guerrero ត្រូវបានគេបាញ់ចំកណ្តាលខ្នងបណ្តាលឲ្យស្លាប់ អំឡុងពេលធ្វើបាតុកម្មនៅក្នុងរដ្ឋ Tachira ភាគខាងលិចប្រទេស។ ទោះបីយ៉ាងណាជុំវិញការស្លាប់នេះរដ្ឋាភិបាលវេណេស៊ុយអេឡាបានចេញបញ្ជាទៅប៉ូលិសឲ្យបើកការស៊ើបអង្កេតរកមុនជនដៃដល់ផងដែរ។
ជុំវិញបាតុកម្មដ៏ចម្រូងចម្រាសនេះ ក្រសួងការពារជាតិវេណេស៊ុយអេឡា បានដាក់ពង្រាយកងកម្លាំងពិសេសសរុប៦០០នាក់ និងទាហានទូទៅ ២,០០០នាក់ ដើម្បីការពារសន្តិសុខ និងបង្ក្រាបក្រុមជនដែលបង្កអំពើហិង្សា ដែលផ្ទុយនឹងច្បាប់របស់ប្រទេសអាមេរិកឡាទីនមួយនេះ ខណៈកងកម្លាំងមួយចំនួនត្រូវបានគេរាយការណ៍ថា បានទទួលរងរបួស ដោយសារតែអំពើហិង្សាពីសំណាក់ហ្វូងបាតុករផងដែរ។
គួរបញ្ជាក់ថា បាតុកម្មដ៏ចម្រូងចម្រាសនេះត្រូវបានរដ្ឋាភិបាលវេណេស៊ុយអេឡាទម្លាក់ការទទួលខុសត្រូវលើក្រុមគណបក្សប្រឆាំង ដែលលោកចាត់ទុកថា មានចេតនាទម្លាក់លោកពីតំណែង ដោយមានសហរដ្ឋអាមេរិកជាខ្នងបង្អែក៕