រាជធានីភ្នំពេញ ៖ នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបញ្ជូនសមាជិករណសិរ្សរំដោះជាតិខ្មែរម្នាក់ ដែលពាក់ព័ន្ធនឹងការប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ខណៈដែល២នាក់ទៀតត្រូវបានអប់រំ ហើយដោះលែងវិញ។
តាមប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា នគរបាលសម្រេចបញ្ជូន តែជនសង្ស័យម្នាក់ឈ្មោះ ធុយ វី ដែលជាសមាជិករណសិរ្សរំដោះជាតិខ្មែរទៅតុលាការប៉ុណ្ណោះ ដោយឡែក២នាក់ទៀត ដែលជាម្ចាស់ផ្ទះ ព្រះរាជអាជ្ញាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ គ្រាន់តែអប់រំតែប៉ុណ្ណោះ ដោយសារតែជនទាំង២នាក់នេះ មិនបានយល់ច្បាស់ ពីរណសិរ្សរំដោះជាតិខ្មែរ។
គួរបញ្ជាក់ថា នៅព្រឹកម្សិលមិញសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ខណៈកំពុងធ្វើសន្និសីទសារព័ត៌មាន និយាយពីបញ្ហានយោបាយ និងពាក់ព័ន្ធជាមួយចលនាខុសច្បាប់របស់លោក សំ សេរីពីទីស្នាក់ការឧត្តមស្នងការ អន្តរសាសន៍ស្ថិត នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស និងយល់ព្រមតាមសំណើរបស់ពួកគេ៣លក្ខខណ្ឌផ្សេងទៀត។
ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ទី១,ឈ្មោះ ឈុន សាវ៉ាក់ខេត្ត ភេទប្រុស ប្រធានអង្គការខេមរៈឥស្លាម និងជាប្រធានឧត្តមស្នងការអន្តរសាសន៍, ទី២ឈ្មោះ ធុយ វី ភេទប្រុស តំណាងរណសិរ្សរំដោះជាតិខ្មែរ មកពីប្រទេសថៃ, និងទី៣ឈ្មោះ សុ ភាលីន ភេទប្រុស ជាសមាជិករណសិរ្សរំដោះជាតិខ្មែរ៕