ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ សមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិបានឡែម+ដូង ព្រំប្រទល់នៃស្រុកកំរៀងបានចាប់ឃាត់រថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភារួមនិងអ្នកបើកបរម្នាក់កសាងសំណុំរឿងចាត់ការតាមនិតិវិធី។
លោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែឧសភា នេះថា រថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភា និងអ្នកបើកបររួមទាំងអ្នករួមដំណើរ៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិបានឡែម+ដូងព្រំប្រទល់នៃស្រុកកំរៀងបានធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩-០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅចំណុចផ្សារបានឡែម ប្រទេសថៃ ខណៈដែលម្ចាស់រថយន្តខាងលើនេះបើកដឹកក្រុមគ្រួសារចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារបានឡែមដើម្បីយកទៅកម្មវិធីរៀបមង្គលការប្អូន។
លោកបន្តថា រថយន្តចង្កូតស្តាំ១គ្រឿងដែលត្រូវសមត្ថកិច្ចថៃឃាត់ម៉ាក TOYOTA FORTUNER ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខព្រឹទ្ធសភា ៣២.០៣៣ បើកបរដោយឈ្មោះ យ៉ន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរួមដំណើរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងអ្នករួមដំណើរ៥នាក់ក្នុងនោះស្រី៤នាក់ និងកូនក្មេងម្នាក់។
បច្ចុប្បន្នរថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភាខាងលើរួមនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់យកទៅចាត់ការតាមនីតិវិធី ចំណែកអ្នករួមដំណើរ៥នាក់ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅផ្ទះវិញ៕