ចាប់បាន​ជនដៃដល់​រឹត​.​ក​សម្លាប់​ស្ត្រី​កូនខ្ចី​២​ខែ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រោយ​ការបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ ជា​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការី​ជាមួយ​ស្នងការ​យុត្តិធម៌ នៃ​ស្នងការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមជាមួយ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យ និង​បាត់ដំបង​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​តាម​ប្រមាញ់​ជនសង្ស័យ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ រហូតដល់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧​។​
​ជនដៃដល់​ឈ្មោះ រស់ រី​ម អាយុ​២៨​ឆ្នាំ ត្រូវជា​បងប្អូនជីដូន​មួយ ជាមួយ​ប្តី​ជនរងគ្រោះ​ដែល​ស្លាប់ និង​ធ្លាប់​ស៊ីឈ្នួល​បើករថយន្ត​ដឹក​បន្លែ ឲ្យ​ជនរងគ្រោះ​ពី​ស្រុក​ស្អាង ខេត្តកណ្តាល មក​ភ្នំពេញ​។​
​ក្នុងអំឡុង​ខែមេសា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ឈប់​ស៊ីឈ្នួល បើករថយន្ត​ឲ្យ​ជនរងគ្រោះ ព្រោះ​គ្មាន​បន្លែ​ដឹក​។ រហូតដល់​ដើមខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​ជនសង្ស័យ​អត់​ការងារ​ធ្វើ រក​ចំណូល​មិនបាន និង​ធ្លាប់​គុំ​គួ​ន​ជាមួយ​ជនរងគ្រោះ ដែល​តែងតែ​ជេរប្រទិច បណ្តា​ស់​សារូប​គេ កាល​នៅ​ស៊ីឈ្នួល​បើករថយន្ត​ឲ្យ​ផង​នោះ ជនសង្ស័យ​ក៏​រៀប​គម្រោង​ជាមួយ​ដៃគូ​ម្នាក់ទៀត ឈ្មោះ ផាត ពេជ្រ អាយុ​១៦​ឆ្នាំ ដែលជា​អ្នក​ធ្លាប់​ស៊ីឈ្នួល​ជាមួយគ្នា ដើម្បី​សម្លាប់​ជនរងគ្រោះ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​។
​បច្ចុប្បន្ន​ជនដៃដល់​ឈ្មោះ រស់ រី​ម កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧​ស្អែក ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ខណៈ​ដែ​គូ​ម្នាក់​ឈ្មោះ ផាត ពេជ្រ កំពុង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជា​បន្ត​។​
​គួររម្លឹកថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៧ ស្ត្រី​កូនខ្ចី​២​ខែ​ម្នាក់​ត្រូវបាន​គេ​សម្លាប់​យ៉ាង​អាថ៌កំបាំង ដោយ​រឹត​.​ក​យ៉ាង​សាហាវព្រៃផ្សៃ ថែមទាំង​បាត់​ទូដែក​១ នៅផ្ទះ​លេខ​១២ ផ្លូវ​២០k ក្រុមទី​៨ ភូមិ​ចំការ​ឳ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

fn-2017-05-21-20-01-59-7