ភ្នំពេញ៖ ការបណ្តេញលោក Gonzalez Davidson Alejandro បានធ្វើឡើងដោយពុំមែនប្រឆាំងចំពោះសកម្មជនបរិស្ថាននោះទេ គឺជាការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា។នេះបើតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិកាលពីថ្ងៃ២៦កុម្ភះ។
ការថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានប្រឆាំងចំពោះ វត្តមាន លោក Alejandro ជនជាតិអេស្ប៉ាញ សកម្មជនការពារបរិស្ថាន ច្រើនជាងបញ្ហាទិដ្ឋាការ អស់សុពលភាព។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការជួញដូរកុមារ ដែលធ្វើឡើងសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៦ ខែកុម្ភៈថា ការបណ្តេញលោក Alejandro គឺមិនមែនជាការប្រឆាំងនឹងសកម្មជន ការពារបរិស្ថានឡើយ។លោកបន្តថា ការបណ្តេញ លោក Gonzalez Davidson Alejandro គឺបានធ្វើឡើងតាមច្បាប់របស់កម្ពុជា។
សូមរំឮកថា លោក Gonzalez Davidson Alejandro ជាអនុប្រធានអង្គការមាតាធម្មជាតិ កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨០ កាន់លិខិតឆ្លងដែន XDA 198043 ។ លោកបានចូលមកស្នាក់នៅកម្ពុជា ប្រមាណ ជាង១០ឆ្នាំមកហើយ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក លោក Alejandro រួមជាមួយ សមាជិករបស់ខ្លួនបានប្រឈម និងការចាប់ខ្លួន ដោយសារការដាក់រថយន្តរារាំង សកម្មភាពរបស់ អាជ្ញាធរចម្រុះ។
គួរបញ្ចាក់ដែរថា សមត្ថកិច្ច នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនលោក Gonzalez Davidson Alejandro ជាជនជាតិអេស្ប៉ាញ កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ បន្ទាប់ពី ទិដ្ឋាការរបស់លោក Alejandro អស់សុពលភាពក្នុងការស្នាក់នៅប្រទេសកម្ពុជា ចាប់តាំងពី ថ្ងៃទី២០ ខែកុម្ភៈមកម្ល៉េះ ហើយក្រសួងមហាផ្ទៃបានសម្រេចបណ្ដេញលោក Gonzalez Davidson Alejandro ចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃដដែលនោះ តាមជើងយន្តហោះ៕