ម៉ូស្គូ ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅព្រឹកថ្ងៃចន្ទនេះបានចេញបញ្ជាឲ្យមានការផលិតគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យបានច្រើនជាលក្ខណៈទ្រង់ទ្រាយធំ។
ការប្រកាសបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីការទទួលជោគជ័យដ៏ធំធេងនៃការធ្វើតេស្ត គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរកាលពីម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
គ្រាប់មីស៊ីលដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បង កាលពីថ្ងៃទី២១ ខែឧសភា គឺជាប្រភេទរយៈចម្ងាយមធ្យម ដែលអាចហោះបាន ៥០០គីឡូម៉ែត្រមានឈ្មោះថា Pukguksong-2 ហើយទីក្រុងព្យុងយ៉ាងអះអាងថា មីស៊ីលត្រូវបានបាញ់ និងធ្លាក់ចំគោលដៅកំណត់យ៉ាងល្អឥតខ្ចោះតែម្តង ស្ថិតនៅក្នុងសមុទ្រជប៉ុន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននោះឡើយ។
ជាមួយគ្នានោះមេដឹកនាំវ័យក្មេង លោក គីម ជុងអ៊ុន ក៏បានបញ្ជាឲ្យយកងទ័ពធ្វើការដាក់ពង្រាយគ្រាប់មីស៊ីលប្រភេទនេះ នៅទីតាំងយុទ្ធសាស្ត្រសំខាន់ៗទៀតផង៕