សេអ៊ូល ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាំង១៥ រួមមានទាំងចិនបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមដោយថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពបង្ករឿងឥតឈប់ឈរពីសំណាក់កូរ៉េខាងជើង និងព្រមានដាក់ទណ្ឌបន្ថែមលើប្រទេសកុម្មុយនីស្ដដ៏ឯកោមួយនេះ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង យ៉ាងគគ្លើនម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងស្វែងរកការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានចិនស៊ិនហួរ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុនបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ ដែលរត់បានចំងាយ ៥០០គីឡូម៉ែត្រ រីឯលោក គីម ជុងអ៊ុន ក៏បានប្រកាសពីភាពជោគជ័យនៃការធ្វើតេស្ដនេះដែរ និងថែមទាំងបានបើកភ្លើងខៀវឱ្យដាក់ពង្រាយមីស៊ីលប្រភេទថ្មីនេះ ដល់កងទ័ពយុទ្ធសាស្ត្រកូរ៉េខាងជើងទៀតផង។
ជាមួយគ្នានោះក្រុមប្រឹក្សាសន្តិសុខ UN ក៏បានកោះប្រជុំបន្ទាន់ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះដែរ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)៕