ខេត្តព្រៃវែង ៖ សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាមណ្ឌលព្រៃវែង បានប្រកាសថា ចាប់តាំងពីមានការបោះឆ្នោតមកគណបក្សប្រជាជនកម្ពុជាមិនដែលចាញ់នោះទេ ហើយគណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះតទៅទៀត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រ»។
សម្តេចថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនក្រុមបឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរជិត៥០០នាក់ កាលពីម្សិលមិញ អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ/សង្កាត់ ។
សម្តេច ស ខេង បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កន្លងមកបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍលើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា បានធានាស្ថេរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិទាំងមូល ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ។ សម្តេចបន្តថា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិតទៅទៀត ទាល់តែគណបក្ស ប្រជាជនកម្ពុជា ឈ្នះឆ្នោត តែយើងនឹងឈ្នះរហូត៕