ប្តី​ប្រពន្ធ​ជនជាតិខ្មែរ​ពីរ​នាក់​ចាក់​សំលាប់​គ្នា​នៅ​ប្រទេស​ថៃ​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2017 ក+ ក-

បន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​គេ​បានឃើញ​ជនជាតិខ្មែរ​ពីរ​នាក់​ដែល​ត្រូវជា​ប្តី ប្រពន្ធ នឹង​គ្នា បាន​ចាក់​សំលាប់​គ្នា​នៅក្នុង​បន្ទប់​ស្នាក់នៅ រហូត​ឈាម​ដាប​ពេញ​បន្ទប់ បន្ទាប់ពី​គេ​បានឮ​សំលេង​ឈ្មោះ ប្រកែក​គ្នា​មួយសន្ទុះ​រួចមក ដោយ​បញ្ហា​នេះ​នៅ​មិនទាន់មាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​សន្និដ្ឋាន​អំពី​មូលហេតុ​បានឡើយ​។​
យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងប្រទេស​ថៃ​បាន​បញ្ជាក់ថា ហេតុការណ៍ ដែល​បាន​កើតឡើង និង​ឈានដល់​ការចាក់សំលាប់​គ្នា​បែបនេះ គឺ​នៅវេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ត្រង់ចំណុច​ក្នុង​បន្ទប់​ស្នាក់នៅ​របស់​ពលករ​ខ្មែរ ដែល​ស្ថិតនៅ​ខាងក្រោយ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សាត់​កូ ផ្ទះ​លេខ​៧០ ភូមិ​៨ ឃុំ​តាន​ដៀវ​ស្រុក​កែង​ខយ ខេត្ត​សារៈ​បុរី ប្រទេស​ថៃ ។​
​បើតាម​ការរៀបរាប់​ពី​សាក្សី​មួយចំនួន​ដែល​ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​បានឮ​ប្តី ប្រពន្ធ ទាំងពីរ​នាក់​នេះ មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​ដែល​ពួកគេ​មិនដឹងថា​ដោយសារ​មូលហេតុ​អ្វី​នោះទេ ហើយ​បន្ទាប់ពី​សំលេង​យំ ស្រែក​បាន​ស្ងប់ស្ងាត់​ទើប​ពួកគេ​មានការ​សង្ស័យ​ក៏​រាយ​ការ​ទៅ​សមត្ថកិច្ច​ដើម្បីអោយ​ចុះមក​ត្រួតពិនិត្យ​ជា​លទ្ធផល​ក៏បាន​ប្រទះឃើញ​ជន​ទាំងពីរ​នាក់​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​អស់​ទៅហើយ ។​
ក្រោយពេល​ចុះ​ត្រួតពិនិត្យ ក្រុម​តម្រួត​ថៃ​បាន​អះអាងថា សព​ជនរងគ្រោះ​ទាំងពី​នាក់​នេះ គឺជា​ប្តី ប្រពន្ធ នឹង​គ្នា ដោយ​បានមក​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ជា​យូរ​មកហើយ ដោយ​បុរស​ជា​ស្វាមី​មានឈ្មោះ ម៉ី មឿ​ន អាយុ​៣៤​ឆ្នាំ និង​ភរិយា​ឈ្មោះ ម៉ី មាស​មល អាយុ​៣០​ឆ្នាំ អ្នក​ទាំងពីរ​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ហើយ​ក្រោយមក​ក៏​បានមក​រស់នៅក្នុង​សង្កាត់​ទឹកថ្លា ក្រុងភ្នំពេញ​។​
​សមត្ថកិច្ច​ថៃ​បានធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ក្រោយពី​មានទំនាស់​គ្នា​យ៉ាងខ្លាំង និង មិនអាច​រក​វិធី​ដោះស្រាយបាន បុរស​ជា​ប្តី​បានសម្រេច​ចិត្ត​ប្រើប្រាស់​កូនកាំបិត​ចិត្ត​ផ្លែឈើ​អារ ក ប្រពន្ធ​ស្លាប់​ភ្លាមៗ​តែម្តង បន្ទាប់មក​ក៏បាន​ប្រើប្រាស់​កន្សែង​ចង ក ខ្លួនឯង​ទៅ នឹង​កង្ហារ​ពិ​ដាន ប៉ុន្តែ​ការធ្វើអត្តឃាត​នេះ​មិនបាន​សម្រេច ទើប​ប្រើ​កូនកាំបិត​ដដែល​ចាក់ទៅលើ​ខ្លួនប្រាណ​ដើម្បី​សំលាប់ខ្លួន​រហូត​បានសម្រេច ។​បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​នាំយក​សព​ទាំងពីរ​នាក់​ប្តី ប្រពន្ធ ទៅពិនិត្យ​ដើម្បី​ធ្វើ កោសល្យ​វិ​ច្ច័​យ​សារជាថ្មី និង​ត្រៀម​រៀបចំ​ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​ក្នុងការ​បញ្ជូន​សព​ត្រឡប់មក​កម្ពុជា​វិញ នាពេល​ខាងមុខនេះ ។​
​រាល់​បញ្ហា​ខាងលើនេះ​យើង​មិនអាច​ទាក់ទង និង​សុំ​ការបំភ្លឺ​ពី​លោក ចំរើន ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ថៃ​បានទេ តាមរយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ​២០១៧៕

18644558_1879901492248412_1466649244_n18579452_1879901512248410_1450709569_n18685276_1879901502248411_1135610366_n