ប្រធានាធិបតី​ហ្វីលីពីន​ថា​នឹង​ចុះ​ចេញពី​តំណែង បើ​មិនអាច​កម្ទេច​ពួក ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2017 ក+ ក-

​ម៉ានីល ៖ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​ហ្វីលីពីន បានប្រកាសថា​លោក​នឹង​ចុះ​ចេញពី​តំណែង បើសិនជា​មិនអាច​នាំយក​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រទេសជាតិ ឬក៏​គ្មាន​សមត្ថភាព​កម្ទេច​ពួក ISIS នៅក្នុង​ប្រទេស​ហ្វីលីពីន​ទេនោះ​។ នេះ​បើតាម​សារព័ត៌មាន Sputnik ។​
ការ​ថ្លែង​បែបនេះ របស់លោក ឌូ​តឺ​តេ ធ្វើឡើង ក្រោយ​ក្រុម​សកម្មប្រយុទ្ធ​មាន​សម្ព័ន្ធភាព​ជាមួយ​ពួក ISIS បានធ្វើ​សកម្មភាព​វាយប្រហារ​មកលើ​ទីក្រុង Marawi នៃ​កោះ Mindanao កាលពី​ថ្ងៃ​អង្គារ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ពីរ​នាក់ និង​ប៉ូលិស​ម្នាក់ទៀត​បាន​ស្លាប់ រួមជាមួយ​កម្លាំង​១២​នាក់​ផ្សេងទៀត បានទទួល​រងរបួស និង​បាន​ដណ្តើម​កាន់កាប់​អគារ​មួយចំនួន និង​បាន​ដុតបំផ្លាញ​សាលារៀន ព្រះវិហារ និង​មន្ទីរឃុំឃាំង​ថែម​ទៀតផង​។
​ថ្លែង​នៅក្នុង​ស​និ្ន​សីទ​សារព័ត៌មាន លោក​ឌូ​តឺ​តេ​បាន​លើកឡើងថា​៖ «​បើសិនជា​ខ្ញុំ​គ្មាន​សមត្ថភាព និង​លទ្ធភាព​ក្នុងការ​រក្សា​សណ្ដាប់ធ្នាប់ ប្រទេស​របស់​យើង ខ្ញុំ​សន្យា​ចំពោះ​អ្នក​ទាំងអស់គ្នា​ថា ខ្ញុំ​នឹង​ចុះ​ចេញពី​តំណែង ហើយ​ទុក​វា​ឱ្យ​អ្នកដទៃ​អង្គុយ​ជំនួស​»៕

fn-2017-05-24-21-05-42-0