អង់គ្លេស ៖ សង្ស័យចំនួនបីនាក់បន្ថែមទៀតត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួន និងបញ្ជូនទៅត្រៀមធ្វើការសួរចម្លើយ បន្ទាប់ពីបុរសវ័យ២៣ឆ្នាំម្នាក់ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរកាលពីថ្ងៃអង្គារ ដែលសរុបទាំងអស់ចំនួន៤ហើយ ក្រោយអំពើភេរវកម្មដោយការបំផ្ទុះគ្រាប់បែកអត្តឃាត កើតមានឡើងក្នុងទីក្រុងធំទីពីរ Manchester កាលពីយប់ថ្ងៃចន្ទ។
បើតាមប៉ូលិសបញ្ជាក់ថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត នៅសាលប្រគុំតន្ត្រី Manchester Arena ក្នុងទីក្រុង Manchester មានឈ្មោះថា Salman Abedi អាយុ២២ឆ្នាំ និងមានម្ដាយឪពុកជាជនភៀសខ្លួនមកពីប្រទេសលីប៊ី។ ចំណែកឯក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Amaq ក៏បានអះអាងដែរថា ជនបំផ្ទុះគ្រាប់បែក អត្តឃាតរូបនេះគឺជាអ្នកប្រយុទ្ធរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅសាលប្រគុំតន្ត្រី Manchester Arena ក្នុងទីក្រុង Manchester ដែលបានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី ២២នាក់បាត់បង់ជីវិតក្នុងថ្លុកឈាម និង៥៩នាក់ទៀតរងរបួស៕