ប្រេស៊ីល ៖ មនុស្សប្រមាណ៣៥,០០០នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Brasilia ដើម្បីបង្ហាញពីភាពមិនពេញចិត្តរបស់ពួកគេ ចំពោះមេដឹកនាំបច្ចុប្បន្នរបស់ប្រេស៊ីលគឺ លោក Michel Temer ហើយពួកគេបានទាមទារឲ្យ លោក Temer ចុះចេញពីតំណែងជាបន្ទាន់ និងស្នើឲ្យមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅមុនពេលកំណត់។
ក្រុមបាតុករបានដុតអគារនៃក្រសួងកសិកម្ម និងវាយបំផ្លិចបំផ្លាញអគារនៃក្រសួងផែនការរបស់ប្រេស៊ីល រួមទាំងទ្រព្យសម្បត្តិក៏ដូចជាទីកន្លែងសាធារណៈដទៃៗផ្សេងទៀតដែលបណ្តាលឲ្យមន្ត្រីជាច្រើនរូបត្រូវបានជម្លៀសជាបន្ទាន់។ ជាការឆ្លើយតប លោក Temer បានចេញបញ្ជាឲ្យដាក់ពង្រាយកម្លាំងយោធា ដើម្បីជួយដល់ប៉ូលិសក្នុងការស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសជាតិឡើងវិញផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងយ៉ាងក្តៅគគុក ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីតុលាការកំពូលអនុញ្ញាតឲ្យមានការស៊ើបអង្កេតទៅលើលោក Michel Temer ដែលសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ និងការបង្កឧបសគ្គដល់ប្រព័ន្ធយុត្តិធម៌៕