ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះមានករណីរន្ទះបាញ់មនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់៣នាក់កណៈពេលជនរងគ្រោះទាំង៤នាក់នោះនាំគ្នាទៅបូមទឹកដាក់ស្រែពេលមេឃកំពង់ភ្លៀង នៅចំណុចត្រពាំងក្រពើពង ស្ថិតក្នុងភូមិប៉ោយចារ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម ប្រធានស្នាក់ការសន្តិសុខ៦៦៦ បានឲ្យដឹងថា ជនរងគ្រោះដោយសាររន្ទះបាញ់នោះមានឈ្មោះ១យន់ សុភ័ក្ត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ស្លាប់ ២មានឈ្មោះ ម៉ោល ភាព ភេទប្រុស រងរបួសសន្លប់ ៣មានឈ្មោះឈេង ម៉ង ភេទប្រុស រងរបួសសន្លប់ ៤មានឈ្មោះសូ ហុង ភេទប្រុស រងរបួសសន្លប់អ្នកទាំង៤នាក់ រស់នៅភូមិប៉ោយចារ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។លោក ឈឹម ប៊ុឈឿម បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះមានភ្លៀងកក់ខែ១មេអបទៅដោយខ្យល់កន្ត្រាក់និងរន្ទះបាញ់ផងស្របពេលនោះស្រាប់តែរន្ទះបាញ់ចំមនុស្សដល់ទៅ៤នាក់ក្នុងនោះស្លាប់១នាក់និងរបួសធ្ងន់៣នាក់ពេលដែលជនរងគ្រោះទាំងនោះបានទៅបូមទឹកដាក់ស្រែ ពេលមេឃកំពង់តែភ្លៀងនៅចំណុចកើតហេតុ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុឈឿម បានឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួចសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចជួយដឹកសពសពជនរងគ្រោះមកឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង ចំណែកជនរងគ្រោះ៣នាក់នាក់ទៀតក្រោយពេលបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យក៍បានដឹងខ្លួនវិញអស់ហើយដែរ។ ទន្ទឹមនោះលោកវរសេនីយ៍ត្រី ឈឹម ប៊ុឈឿម បានធ្វើការផ្តាំផ្ញើដល់កសិករទាំងអស់ត្រូវតែប្រុងប្រយ័ត្នជានិច្ចពេលដែលមានមេឃកំពង់តែភ្លៀងត្រូវរកទីទួលមានសុវត្តិភាពដើម្បីជាសវាងរន្ទះបាញ់ស្លាប់ព្រោះរន្ទះបាញ់សព្វថ្ងៃនេះកាចសាហាវណាស់បាញ់មនុស្សស្លាប់ដូចបាញ់ចាបអញ្ចឹង៕