អ្នកនាំពាក្យយោធាអ៊ុយក្រែន បានផ្តល់ព័ត៌មានថា ខាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន បានចាប់ផ្តើម ដកចេញនូវអាវុធធុនធំមួយចំនួន ចេញពីខ្សែប្រយុទ្ធ ហើយ នៅថ្ងៃព្រហស្បតិ៍ ទី ២៦ កុម្ភៈ។ ការដកអាវុធធុនធំ ចេញពីខ្សែត្រៀមនេះ គឺធ្វើឡើង ដោយគោរពទៅតាម ការព្រមព្រៀងដាក់អាវុធ ជាមួយពួកឧទ្ទាម ដែលបានចុះហត្ថលេខា នៅក្រុង មីនស្ក៍ កាលពីថ្ងៃទី ១២ កុម្ភៈកន្លងទៅ។ ជិតមួយសប្តាហ៍មកហើយ ដែលគូបដិបក្សទាំងសងខាង នៅស្ទាក់ស្ទើរ មិនទុកចិត្តគ្នា ក្នុងការដកអាវុធចេញ រៀងៗខ្លួន។
តាមការផ្តល់ព័ត៌មានរបស់អ្នក យកព័ត៌មានបារាំង ប្រចាំការនៅភាគខាងកើតអ៊ុយក្រែន ថាបានឃើញយោធាអ៊ុយក្រែន បានដឹក ចេញកាំភ្លើងធំ ប្រមាណជា១៥ កាណុង ដកថយទៅវិញ នៅប្រមាណជា ៥៥ គីឡូមែត្រ ពីក្រុង ដូនែតស្ក៍។ លោក អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ក៏បានបញ្ចាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍ទី ២៦ ខាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន បានចាប់ផ្តើមដក កាណុងកាំភ្លើង ទំហំ១០០ មីលីម៉ែត្រ ចេញពីតំបន់ខ្សែត្រៀម។
ការដកអាវុធចេញនេះ គឺធ្វើឡើង ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ពីអ្នកសង្កេតការណ៍ របស់ អង្គការ សហប្រតិបតិ្តការសន្តិសុខអឺរ៉ុប OSCE។ អ្នកនាំពាក្យយោធាអ៊ុយក្រែន បានបន្ថែមប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែន នឹងបន្តដកអាវុធធុនធំៗ ដូចជាកាំភ្លើងធំ រថក្រោះ បាញ់គ្រាប់រ៉ុកកែតត ជាបន្តបន្ទាប់ទៀត។
ចំណែកខាង ក្រុមឧទ្ទាមវិញ បានបង្ហាញប្រាប់អ្នកកាសែតមួយចំនួនថា ក្រុមគេ ក៏បានចាប់ផ្តើម ដកចេញគ្រឿងសព្វាវុធធន់ធំៗ ចេញពីសមរភូមិក្រុងដូនែតស្ក៍ហើយដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកសង្កេតការណ៍ របស់អង្គការ OSCE ថា មិនទាន់អាចបញ្ជាក់បានទេ ថាវាពិតជាការដកអាវុធប្រាកដមែន រឺគ្រាន់តែជាចលនាបំលាស់ទី ធម្មតា របស់យោធា និងគ្រឿងអាវុធរបស់ក្រុមឧទ្ទាម។
សូមបញ្ជាក់ថា ការដកអាវុធធុនធំៗ ទាំងសងខាងចេញពី តំបន់សមរភូមិជួរមុខ ជាចំណុចមួយសំខាន់ ដែលភាគីទាំងពីរ បានព្រមព្រៀងគ្នា ចុះហត្ថលេខាកាលពីថ្ងៃ ទី១២ ខែកុម្ភៈ នៅទីក្រុងមីនស្ក៍។ ក៏ប៉ុន្តែ ភាពមិនទុកចិត្តគ្នានៅតែមាន រវាងគូបដិបក្សទាំងពីរ។ ការចុះហត្ថលេខាដាក់អាវុធ ទើបតែធ្វើរួចក្តៅៗ ប៉ុន្តែនៅឯក្រុង Debaltseve ឯណោះ ពួកឧទ្ទាមបានឡោមព័ទ្ធទាហានអ៊ុយក្រែន ហើយបានវាយដណ្តើម កាន់កាប់ទីក្រុងនេះ។ រដ្ឋាភិបាលអ៊ុយក្រែន ធ្លាប់បានប្រកាសថា ដរាបណាក្រុមឧទ្ទាមមិនព្រមឈប់បាញ់ទេ ខាងគេនឹង មិនដកអាវុធចេញ ជាដាច់ខាត។
ប៉ុន្តែស្ថានភាព ប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់ដូចជាស្ងប់ស្ងាត់ ល្អគ្រាន់បើ ទើបធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែនសម្រេច ដកអាវុធចេញ ពីតំបន់មួយចំនួន ដើម្បីគោរពទៅតាមកិច្ចព្រមព្រៀង ទោះបីខាងក្រុមឧទ្ទាមនៅមិនទាន់ សម្តែងភាពស្មោះត្រង់របស់ខ្លួនក៏ដោយ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ៊ុយក្រែនបានសម្តែងការព្រួយបារម្ភ អំពី ស្ថានភាព នៅតំបន់ក្រុង ម៉ារីយូប៉ូល Marioupol។ តាមការសង្ស័យ ក្រុមឧទ្ទាម កំពុងតែផ្តុំទ័ព ដើម្បីវាយយកទីក្រុងនេះ ព្រោះថា វាជាទីក្រុងយុទ្ធសាស្ត្រ ដែលអាចធ្វើឲ្យរុស្ស៊ី ចេញចូលទៅ តំបន់គ្រីម៉េ តាមផ្លូវគោក បានយ៉ាងស្រួល។
ប្រទេសធំៗ នៅមិនទាន់ទុកចិត្តរុស្ស៊ីទាំងស្រុងទេ។ លោក រដ្ឋមន្ត្រីការបរទេសបារាំងថា អឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីបន្ថែមលើ រុស្ស៊ី ប្រសិនបើមានការវាយប្រហារ លើតំបន់កំពង់ផែក្រុង ម៉ារីយូប៉ូល។ ចំណែកលោកនាយករដ្ឋមន្ត្រីអង់គ្លេសវិញ បានស្នើរថា បើសិនជារុស្ស៊ីនៅតែបន្ត ទន្ទ្រានដែនដីរបស់អ៊ុយក្រែន អឺរ៉ុបគួរតែដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយបិទផ្លូវរុស្ស៊ីនៅលើប្រព័ន្ធចរាចរណ៍សាច់ប្រាក់ រវាងធនាគារអឺរ៉ុប និងធនាគាររុស្ស៊ី៕ RFI
ក្រុមទាហានរដ្ឋាភិបាលអ៊ុយក្រែន នៅក្បែរក្រុង Debaltseve កាលពីថ្ងៃទី ១២ កុម្ភៈ ២០១៤