រាជធានីភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើង២ខ្សែ ដែលមានទីតាំងស្ថិតនៅកាត់ទទឹងផ្លូវជាតិលេខ៤ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ដែលសាលារាជធានីភ្នំពេញបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក៏ដោយ កន្លងមកស្ពានទាំង២ខ្សែនេះត្រូវបានប្រជាពលរដ្ឋសម្តែងការថ្នាំងថ្នាក់ ព្រួយបារម្ភរឿងចរាចរណ៍ ព្រោះមុនពេលត្រូវឆ្លងស្ពានគឺត្រូវឆ្លងថ្នល់មុនសិនទើបអាចឆ្លងស្ពានបាន ក្រោយពេលមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងតាមបណ្តាញសង្គម Facebook មកទើបសាលារាជធានីភ្នំពេញបានចេញលិខិតបញ្ជាក់ហេតុផល។
ក្រោយដែលស្ពានអាកាសថ្មើរជើងនេះ សាកសងរួចរាល់ និងបានដាក់សម្ពាធអោយប្រើប្រាស់ជាផ្លូវការរយៈពេលប្រហែល១ខែកន្លងមកនេះប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលបានធ្វើដំណើរឆ្លងកាត់បានសម្តែងនូវការភ័យខ្លាចជាថ្មីម្តងទៀត ដោយសារមានក្រុមយុវជនហិតកាវនាំគ្នាទៅឡើងអង្គុយហិតកាវនៅលើស្ពាននោះក្នុងស្ថានភាពរញ៉េរញ៉ៃគួរអោយខ្លាច មានបញ្ហានៅថ្ងៃណាមួយ។
ប្រជាពលរដ្ឋក៏បានលើកឡើងថា ស្ពានអាកាសថ្មើរជើងនេះមានសារៈសំខាន់ណាស់ក្នុងការសម្រួលដល់ការធ្វើដំណើរបានច្រើនខុសពីពេលមុនដែរ ហើយក៏បានសំណូមពរចង់ទៅសាលាក្រុងរាជធានីភ្នំពេញជួយសងសង់ដំបូលស្ពានទាំង២នោះផង។
មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅម្នាក់បានអោយដឹងថា កន្លងមកក៏ធ្លាប់ឭនិយាយតៗគ្នាដែរថាមានក្រុមក្មេងហិតកាវនៅលើស្ពាននោះដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ចចុះទៅមិនដែលឃើញសោះសម្បីតែម្នាក់។ តែទោះជាបែបនេះ បើមានមែនកម្លាំងសមត្ថកិច្ចនិងចាប់ភ្លាមប្រសិនប្រឃើញក្មេងហិតកាវទាំងនោះមែន៕